2025-11-25 10:03
15

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញប្រតិកម្មជាផ្លូវការចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងចែករំលែកយ៉ាងខ្លាំងលើបណ្តាញសង្គម ដោយអះអាងថា វៀតណាមកំពុងសាងសង់ “ផ្លូវកាត់សមុទ្រ” ពីកោះទៀនហៃ ខេត្តអានយ៉ាង ទៅកោះហ្វូគក់ ជាការរំលោភលើកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ កម្ពុជា-វៀតណាម ឆ្នាំ១៩៨២។

ចំពោះសំណួរអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតវៀតណាម និងស្ថានទូតវៀតណាម ប្រចាំរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានច្បាស់លាស់ថា “ពុំមានគម្រោងសាងសង់ផ្លូវកាត់សមុទ្រណាមួយ ដែលរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ”។

រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ក្រសួងការបរទេសបានអំពាវនាវឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានមិនពិត ប៉ុន្តែមើលទៅអាចបង្កការយល់ខុស និងប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា និងវៀតណាម៕