ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “ការសម្រេចចិត្តចូលរួមក្នុងការប្រកួតស៊ីហ្គេមនេះ គឺមិនមែនងាយស្រួលទេ ដែលទាមទារការថ្លឹងថ្លែង រវាងបញ្ហាជម្លោះព្រំដែន និងស្មារតីនៃការរួបរួមក្នុងតំបន់ ព្រោះយើងមិនអាចអនុញ្ញាតឱ្យការពហិកាប៉ះពាល់ដល់ទំនាក់ទំនង និងឱកាសរបស់យុវជនក្នុងអាស៊ានឡើយ ហើយយើងត្រូវបង្ហាញនូវ ចិត្តជាអ្នកកីឡា ពិតប្រាកដ។ បើយើងមិនចូលរួមកម្ពុជា នឹងត្រូវគេបន្ទោសថាមិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF”។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបែបនេះ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី គណៈកម្មការអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំង ៣៣៣ នាក់។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះគ្រូបង្វឹក ភាគីពាក់ព័ន្ធ កីឡាករ កីឡាការិនីទាំងអស់ និងបានថ្លែងអំណរគុណដល់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយ និងបានរៀបចំក្រុមការងារប្រកបដោយភាពបុរេសកម្ម ដើម្បីធានាសុវត្ថិភាពកីឡាករ កីឡាការិនី និងមន្ត្រីកីឡា ចូលរួមការប្រកួតលើកនេះ។
ការចូលរួមប្រកួតកីឡា SEA Games លើកទី ៣៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងអនុញ្ញាតឱ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំការប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺនចាប់ពីខែមេសា ឆ្នាំ២០២៥ ទាំងកីឡាករថ្នាលវ័យក្មេងសម្រាប់ត្រៀមប្រកួតកីឡាយុវជនអាស៊ី និងកីឡាករពេញវ័យ សម្រាប់ត្រៀមប្រកួតកីឡា SEA Games លើកទី៣៣។ ក្រសួងក៏បានអនុញ្ញាតជាគោលការណ៍ឱ្យសហព័ន្ធកីឡាជាតិជាច្រើនចេញទៅហ្វឹកហាត់ និងប្រកួតជើងឯកពានរង្វាន់ផ្សេងៗនៅក្រៅប្រទេសជាច្រើន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ស្រូបយកបទពិសោធន៍ប្រកួត និងវាស់ស្ទង់កម្រិតបច្ចេកទេសខ្លួនឯង ដែលជាយន្តការបង្កើនគុណផលកីឡាឱ្យមានសក្តានុពលក្នុងការត្រៀមប្រកួតជាអន្តរជាតិនានា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ ប៉ុន្តែសុភនិច្ឆ័យដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅតែអនុញ្ញាតឱ្យប្រតិភូកីឡាយើងចូលរួមប្រកួត ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ ហើយបានគូសបញ្ជាក់ពីការចូលរួមប្រកួត SEA Games លើកនេះ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEAGF ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិក ប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។ គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ក្នុងវិស័យកីឡា និងចៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និងនិន្នាការសង្គម។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បីកសាងពិភពលោកមួយល្អប្រសើរ។
ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំង១១ ប្រទេសគ្រប់គ្រងដឹកនាំ រីឯម្ចាស់ផ្ទះជាអ្នករៀបចំតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ SEAGF Council ទាំង ១១ ប្រទេស។ ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើមគ្នា ជាមេដាយ SEAGF មិនមែនមេដាយរបស់ម្ចាស់ផ្ទះទេ។ បើយើងមិនចូលរួម កម្ពុជានឹងត្រូវគេបន្ទោសថាមិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF។ បើយើងចូលរួមដោយយកហេតុផលផ្សេងៗ ខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើកម្ពុជាក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ពិន័យ។ចំពោះវិធានការវិន័យសម្រាប់ប្រតិភូកីឡាដែលនឹងត្រូវធ្វើដំណើរចូលរួមការប្រកួតខាងមុខនេះ សូមកីឡាករ កីឡាការិនី៖ (១) ចាត់ទុកការចូលរួមប្រកួតលើកនេះខុសពីការប្រកួតមុនៗ ក្រៅពីការប្រកួតកីឡា គឺត្រូវការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពក្រុម និងសុវត្ថិភាពប្រតិភូកីឡាកម្ពុជា ជាពិសេសផ្តោតលើភាពថ្លៃថ្លូរនៃឥរិយាបថល្អ វាចាល្អ និងប្រព្រឹត្តល្អ អំឡុងពេលប្រកួត ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងរក្សាគុណតម្លៃជាតិសាសន៍ខ្មែរលើឆាកអន្តរជាតិ, (២) បើមានស្មារតីជាតិស្រលាញ់ជាតិ និងចង់ឱ្យជាតិសាសន៍យើងមានគេគោរពឱ្យតម្លៃ គឺត្រូវខិតខំប្រកួតប្រជែងដណ្តើមជ័យលាភីឱ្យអស់ពីសមត្ថភាព គោរពបទបញ្ជាការប្រកួត ប្រឆាំងការប្រើប្រាស់សារធាតុ Doping និងបង្ហាញអត្តចរិកល្អត្រឹមត្រូវតាមអភិក្រម “ឈ្នះដោយកិត្តិយស ចាញ់ដោយសេចក្តីថ្លៃថ្នូរ” (៣) ត្រូវមានស្មារតីបុរេសកម្មក្នុងការគិតគូរទុកជាមុននូវហានិភ័យដែលនឹងអាចកើត ឡើង។ តើអ្វីខ្លះអាចនឹងត្រូវកើតឡើង? តើត្រូវរកដំណោះស្រាយបែបណា? តើត្រូវឆ្លងយោបល់កម្រិតណា ដោយមធ្យោបាយណា? (៤) សាមគ្គីភាពផ្ទៃក្នុងរបស់ក្រុមកីឡា និងប្រតិភូកីឡាទាំងមូល គឺជាកត្តាចម្បងក្នុងការដោះស្រាយបញ្ហាបញ្ចៀសបញ្ហា និងស្វែងរកជោគជ័យជូនជាតិបាន (៥) បញ្ហាសុខភាព ក៏ជាកត្តាកំណត់ជោគជ័យក្នុងការចូលរួមប្រកួតពេលនេះដែរ។ ថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ ដើម្បីឈានទៅរកជំនឿចិត្តលើខ្លួន ឯងក្នុងការសម្រេចគោលដៅរបស់ខ្លួន។
បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការសម្រេចចិត្តចូលរួមក្នុងការប្រកួតស៊ីហ្គេមនេះ គឺមិនមែនងាយស្រួលទេ ដែលទាមទារការថ្លឹងថ្លែង រវាងបញ្ហាជម្លោះព្រំដែន និងស្មារតីនៃការរួបរួមក្នុងតំបន់ ព្រោះយើងមិនអាចអនុញ្ញាតឱ្យការពហិកា ប៉ះពាល់ដល់ទំនាក់ទំនង និងឱកាសរបស់យុវជនក្នុងអាស៊ានឡើយ ហើយយើងត្រូវបង្ហាញនូវ ចិត្តជាអ្នកកីឡា ពិតប្រាកដ”។
ទោះបីជាយ៉ាងណាក៏ដោយ ការធានាសុវត្ថិភាព គឺអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ដោយយើងបានចាត់ចែងតែងតាំងតួនាទីសន្តិសុខ ព្រមទាំងតម្រូវឱ្យមានការចុះអវត្តមាន និងរបាយការណ៍ប្រចាំថ្ងៃជាចាំបាច់ ដើម្បីធានាថាប្រតិភូទាំងអស់ទទួលបានការការពារ និងសុវត្ថិភាពពេញលេញ។ ដូច្នេះ សូមគ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ រួមគ្នាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិយើងវិញ៕








