2025-11-25 17:15
8

ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទ ស្តីពី ការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថា “បានដាក់មីនថ្មី”។ គោលដៅសំខាន់បំផុតរបស់ភាគីថៃ គឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ 

ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬ បើនិយាយតាមសុភាសិតខ្មែរវិញ គឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃ បាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ 

ទី១៖ នរណាក៏ដឹងដែរថា កម្ពុជា គឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។ 

ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយ ឈ្នះ-ឈ្នះ នាចុងទសវត្សរ៍ទី ៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីន និងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន ដោយបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ជាង ៤ លានគ្រាប់ រហូតបានក្លាយជាប្រទេសគំរូមួយក្នុងលោកក្នុងការដោះមីន និងកាកសំណល់សង្គ្រាម ដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។ បណ្តាប្រទេសជាច្រើនបានមកសិក្សាបទពិសោធន៍ដោះមីនពីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនកងទ័ពមួកខៀវ និងអ្នកជំនាញដោះមីនទៅជួយបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ 

ទី៣៖ ការដើរជាន់មីនពីសំណាក់ទាហានថៃ បង្ហាញរូបភាពពីរយ៉ាង គឺ៖ ម្យ៉ាង ប្រសិនបើការផ្ទុះមីនកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថា គឺជាការទទួលខុសត្រូវរបស់ថៃ។ ប្រសិនបើថៃមិនបានដាក់មីននោះ ដោយខ្លួនឯងទេ ការផ្ទុះមីនមិនអាចកើតមានជាដាច់ខាតពីព្រោះប្រទេសថៃ មិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ការចោទថាទាហានកម្ពុជាលួចចូលទៅដាក់មីនក្នុងទឹកដីថៃ គឺជារឿងដែលមិនអាចជឿបានទាល់តែសោះពីព្រោះកងទ័ពថៃត្រូវបានដាក់ពង្រាយគ្រប់ទិសទីក្នុងទីតាំង ដែលថៃអះអាងថាជាដែនអធិបេតយ្យភាពរបស់ខ្លួន។ ដូច្នេះ តើទាហានកម្ពុជាអាចលួចចូលទៅដាក់មីនលើដីថៃបានយ៉ាងដូចម្តេច? ម្យ៉ាងទៀត ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ ប្រាកដណាស់ថានោះ គឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃ ទន្ទ្រានចូល និងដើរជាន់។ សម្មិតកម្មទី២ នេះហាក់ដូចជាសមទំនងណាស់ ពីព្រោះកងទ័ពថៃ ធ្វើសកម្មភាពរុករានរហូតក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ដូចជាការដាក់បន្លាលួស និងការចល័ត កម្លាំងចុះឡើងដោយមិននៅស្ងៀមមួយកន្លែងដូចមានចែងក្នុងកិច្ចព្រមព្រៀងឈប់បាញ់ឡើយ។

ទី៤៖ ថៃតែងយកគ្រាប់មីនថ្មីមកបង្ហាញដោយអះអាងថា នោះជាមីនដែលដាំដោយកងទ័ពកម្ពុជា។ ត្រង់ចំណុចនេះ យើងគួរកត់សម្គាល់ថា នេះគឺជាឈុតឆាកច្រើនជាងការពិត។ ម្យ៉ាងទៀត មីនថ្មី ឬ ចាស់មិនមែនជាហេតុផល ដើម្បីទម្លាក់កំហុសទៅលើភាគីណាទេ។ អ្វីដែលសំខាន់នៅត្រង់ថា តើអ្នកណាជាអ្នកដាក់មីនទាំងនោះ? ក្នុងគោលបំណងអ្វី? តើអ្នកណាទទួលផលចំណេញពីបញ្ហានេះ? ក្នុងន័យនេះ បើចោទថាកម្ពុជាជាអ្នកដាក់មីន តើសមទំនងទេ បើកម្ពុជាសុំតែសុខ។ កម្ពុជាចង់បានតែសន្តិភាព។ កម្ពុជាធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ចៀសការផ្ទុះអាវុធ ហើយកម្ពុជាគ្រាន់តែការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។ តែបើថៃវិញ ធ្វើសកម្មភាពគំរាមកំហែង ចល័តកងទ័ព ដាក់បន្លាលួស បាញ់ចំពាមកៅស៊ូគ្រាប់ឃ្លីមកលើទាហានកម្ពុជា រួមទាំងការបាញ់គ្រាប់កាំភ្លើងពិតផងរាប់ដងមិនឈ្នះ។ ទាំងអស់នេះសុទ្ធសឹងជាសកម្មភាព បង្កហេតុ។ ដូច្នេះ ការដាក់មីន ដើម្បីបង្កើតលេស បង្កើតសេណារីយ៉ូបង្កសង្គ្រាមជាមួយកម្ពុជា និងមួលបង្កាច់កម្ពុជា គឺជារឿងសមទំនងជាង។ 

សរុបមកវិញ ការផ្ទុះគ្រាប់មីនជាបន្តបន្ទាប់ និងការបំប៉ោងរឿងគ្រាប់មីនដើម្បីទម្លាក់កំហុសមកលើកម្ពុជាត្រូវគេមើលឃើញជាទូទៅថាជាសេណារីយ៉ូរបស់ថៃ ដើម្បីបង្កហេតុ និងបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ នេះជាករណីតែមួយគត់ដែលថៃគិតថាអាចយកប្រៀបលើកម្ពុជា នៅលើឆាកអន្តរជាតិ។ ប៉ុន្តែ វាគឺជាការភាន់ច្រឡំដ៏ធំមួយរបស់ភាគីថៃ ពីព្រោះរឿងនេះមិនពិបាកយល់ឡើយសម្រាប់ក្រុមអ្នកវិភាគ និងតាមដានបញ្ហាកម្ពុជាថៃ។សូមកុំភ្លេចថា ទន្ទឹមនឹងការរៀបចំសេណារីយ៉ូ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថៃខ្លួនឯងបានបង្ហាញភស្តុតាងជារៀងរាល់ថ្ងៃថា ខ្លួនជាអ្នកគំរាមកំហែងឱ្យផ្ទុះសង្គ្រាម ជាអ្នកបង្កហេតុ ជាអ្នកបំពាន បទឈប់បាញ់ និងបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព តាមរយៈពាក្យសម្តី និងសកម្មភាព ដែលមន្ត្រី ទាំងយោធា និងស៊ីវិលបាននិយាយ និងការផ្សព្វផ្សាយជារៀងរាល់ថ្ងៃរបស់សារព័ត៌មានថៃ។ ភស្តុតាងទាំងនេះត្រូវបានសហគមន៍អន្តរជាតិកត់ត្រាទុកយ៉ាងច្បាស់លាស់ ហើយដែលធ្វើឱ្យការរៀបចំសេណារីយ៉ូ របស់ថៃក្លាយជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង»៕ ដោយ សាស្ត្រាចារ្យ វង្ស មករា និងអ្នកវិភាគសង្គម