ថៃ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើនថា “ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ” បានធ្លាក់ចុះនៅជិតមន្ទីរពេទ្យស៊ីការិន ក្រុងហាតយ៉ៃ ខេត្តស៊ុងក្លា ខណៈកំពុងបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់។
កាសែត ថៃខោស៊ត បានរាយការណ៍ថា ឧទ្ធម្ភាគចក្រនេះត្រូវបានបញ្ជូនទៅដឹកជញ្ជូនសម្ភារៈសង្គ្រោះបឋមជូនប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះខ្លាំង។ ក្រោយមកមានសំឡេងខ្លាំង និងរូបភាពផ្សព្វផ្សាយលើបណ្ដាញសង្គម បណ្តាលឲ្យមហាជនសន្មត់ថា “មានគ្រោះថ្នាក់ធ្ងន់ធ្ងរ”។
យ៉ាងណាមិញ មន្រ្តីថ្នាក់ជំនាញថៃ បានបដិសេធថា មិនមានឧទ្ធម្ភាគចក្រធ្លាក់ ឬបាក់បែកឡើយ។ អ្នកបើកយន្តហោះបានចេញមុខបញ្ជាក់ដោយផ្ទាល់ថា ឧទ្ធម្ភាគចក្រវាហោះហើរក្នុងកម្ពស់ទាប ដើម្បីដំណើរការចែកសម្ភារៈជួយសង្គ្រោះ ដែលធ្វើឱ្យមានសំឡេងខ្លាំងបណ្តាលឱ្យមនុស្សខ្លះយល់ច្រឡំថា “មានគ្រោះថ្នាក់”។ បន្ទាប់មក ពួកគេបានធ្វើរបាយការណ៍ទៅកាន់ប៉ុស្តិ៍ប៉ូលីសហាតយ៉ៃ ដើម្បីបញ្ជាក់ស្ថានភាពពិតប្រាកដ និងបំបាត់ការយល់ច្រឡំនេះ។
អាជ្ញាធរថៃ កំពុងបន្តការពិនិត្យ និងត្រួតពិនិត្យសុវត្ថិភាពបេសកកម្មសង្គ្រោះ នៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងប្រទេស៕








