2025-11-26 15:42
3

ភ្នំពេញ៖  យោងតាមសេចក្តីប្រកាសព័ត៌មានយោធភូមិភាគទី៥ មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងបុគ្គលដែលមានការពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា មានគណនីហ្វេសប៊ុក (FacebookAccount) និងទំព័រគណនីហ្វេសប៊ុកមួយចំនួនបានធ្វើការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងចែកចាយបន្តដោយគ្មានប្រភពច្បាស់លាស់ អំពីបុគ្គលឈ្មោះ ធីម សុគន្ធ អះអាងថាជាមន្ត្រីយោធានៅយោធភូមិភាគទី៥។ លោក ធីម សុគន្ធ ពិតជាធ្លាប់បម្រើការនៅយោធភូមិភាគទី៥ ពិតប្រាកដមែនប៉ុន្តែបុគ្គលខាងលើបានធ្វើការផ្លាស់ប្តូរអង្គភាពទៅក្រសួងការពារជាតិ ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកម្លេះ។ យោធភូមិភាគទី៥ សូមច្រានចោល ចំពោះការបំភ្លៃព័ត៌មានមិនពិត ដោយគ្មាន មូលដ្ឋានច្បាស់លាស់របស់សាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលមានការពាក់ព័ន្ធ ដែលបានបង្ហោះផ្សព្វផ្សាយដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់យោធ ភូមិភាគទី៥។ អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់យោធភូមិភាគទី៥នៅថ្ងៃទី២៥ វិច្ឆិការ ២០២៥នេះ។  សេចក្ដីប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន បានចុះផ្សាយថា៖ លោក ធីម សុគន្ធ អតីតមន្ត្រីយោធាភូមិភាគទី៥  អាងអំណាចយកដីក្រុមហ៊ុនចិនជាង៤ពាន់ហិតាអង្កន់ពុះលក់គ្មានសល់ មិនខ្លាចនិងញញើតច្បាប់បន្តិចសោះ ធ្វើឲ្យដីក្រុមហ៊ុនជាង៤ពាន់ត្រូវបាត់បង់គ្មានសល់ ក្នុងកំឡុងពេលលោក ធីម សុគន្ធ មានអំណាចពេញដៃក្នុងតួនាទីជាមន្ត្រីយោធាភូមិភាគទី៥ ក្រោយ ឯកឧត្តម ឧត្តមសេនីទោ ស៊ុន សុផល បានឲ្យលោក ធីម សុគន្ធ មើលការខុសត្រូវនិងថែរក្សាដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ទំហំ ៤០៦៧ ហិតតា កាលពីក្នុងអំឡុងឆ្នាំ២០១៤ បន្តពីរូបលោក ការពារកុំឲ្យបាត់បង់ និងហាមឃាត់មិនឲ្យអ្នកណាចូលមកទន្រ្ទានកាន់កាប់លើដីរបស់ក្រុមហ៊ុនឡើយ  ដែលស្ថិតក្នុងភូមិគោករកា ឃុំដូនបានិងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ សូមបញ្ជាក់ថាក្នុងសេចក្ដីប្រកាសព័ត៌មានរបស់យោធភូមិភាគទី៥ លោក ធីម សុគន្ធ ពិតជាធ្លាប់បម្រើការនៅយោធភូមិភាគទី៥ ពិតប្រាកដមែនប៉ុន្តែបុគ្គលខាងលើបានធ្វើការផ្លាស់ប្តូរអង្គភាពទៅក្រសួងការពារជាតិ ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកម្លេះបច្ចុប្បនុ្នមិនជាប់ពាក់ព័ន្ធនិងយោធភូមិភាគទី៥ទៀតនោះឡើយ៕