2025-12-02 08:09
10

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក–អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងនាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំវៀតណាម) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចសហប្រតិបត្តិការនេះបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់លោកស្រី Bridgette L. Walker ភារៈធារីស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជា។

ជំនួបនេះ បានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ តំណាង US-ABC ដែលជាក្រុមហ៊ុនអាម៉េរិកធំៗ បានបង្ហាញពីការចាប់អារម្មណ៍ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកសំខាន់មួយនៃអាស៊ាន និងកំពុងក្លាយជាច្រកតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

លោក ស៊ុន ចាន់ថុល បានលើកឡើងពីឧត្តមភាពនៃបរិយាកាសវិនិយោគកម្ពុជា តាមរយៈការកែទម្រង់ច្បាប់ និងនីតិវិធី ស្របពេលដែលកម្ពុជា បន្តលើកកម្ពស់សេវាសាធារណៈឌីជីថល ដូចជា ប្រព័ន្ធ cdcIPM និងការសហការជាមួយ Visa និង MasterCard ក្នុងការបង់កម្រៃសេវា។ លោកក៏បានបញ្ជាក់ពីតួនាទីកម្ពុជា នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ដែលអាចជាជំហានសំខាន់ក្នុងការទាក់ទាញវិនិយោគិនអាម៉េរិកមកកាន់តំបន់។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីយន្តការ និងវិធានការថ្មីៗ សម្រាប់ជំរុញលំហូរទុនវិនិយោគដោយផ្ទាល់ (FDI) ពីសហរដ្ឋអាម៉េរិក និងពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ កិច្ចពិភាក្សានេះ ក៏បានប៉ះពាល់លើច្បាប់វិនិយោគថ្មី និងការសម្របសម្រួលពាណិជ្ជកម្ម ដែលកំពុងរួមចំណែកបង្កើនសារៈសំខាន់នៃទីផ្សារកម្ពុជា។

ជំនួបជាមួយ US-ABC ម្តងនេះ មិនត្រឹមតែជាកិច្ចជួបគួរសមប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ទំនាក់ទំនងរដ្ឋ-ឯកជន និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យវិនិយោគ។ 

ក្រុមCDC រំពឹងថា កិច្ចជួបនេះ នឹងពង្រឹងទំនុកចិត្តរបស់វិនិយោគិនអាម៉េរិកលើកម្ពុជាបន្ថែមទៀត និងជំរុញឱ្យមានការវិនិយោគថ្មីៗ ដែលនឹងក្លាយជាកម្លាំងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា៕