ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួប សម្តែងការគួរសម លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីផែនការសកម្មភាព ដែលក្រសួងបរិស្ថាន បានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសលើភាពស្អាត ដែលទទួលបានការគាំទ្រនឹងចូលរួមពីប្រជាពលរដ្ឋ ជាង ១៤ លាននាក់ ក្នុងការប្ដេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយបានធ្វើឱ្យមូលដ្ឋានស្អាតជាបណ្តើរៗ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា “ក្រសួងកំពុងដាក់ចេញនូវការបណ្តុះទម្លាប់ស្អាត ជាមួយសិស្សានុសិស្សនៅតាមសាលារៀន ដោយបានចែកធុងសំរាម ឱ្យពួកគាត់ចេះទុកដាក់សំរាម ញែកសំរាមឱ្យបានត្រឹមត្រូវ”។
ជាមួយគ្នានេះ ក្រសួងមានគម្រោងបង្កើតទីលានទុកដាក់សំរាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទាញយកប្រយោជន៍សេដ្ឋកិច្ចចេញពីសំរាម និងសំណល់ប្លាស្ទិក។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងកោតសរសើរប្រជាជនកម្ពុជារាប់លាននាក់ ដែលបានចូលរួមប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការរួមចំណែកសំខាន់ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ លោកបានធ្វើការចាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាពិសេសការគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា បង្កើតថាមពលស្អាត ការកែឆ្នៃសំណល់។ល។
ឯកអគ្គរដ្ឋទូតប្រទេសកាណាដា បានបន្ថែមទៀតថា “ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប្រទេសកាណាដាកំពុងពិនិត្យនៅកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត”៕




