2025-12-02 18:12
15

ភ្នំពេញ៖ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃ០ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បាន សម្រេច “ផ្អាកអាជ្ញាបណ្ណ” ឱសថការី ចំនួន ១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជ សាស្ត្រចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការផ្អាកអាជ្ញាបណ្ឌរបស់ ក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគទី១ ធ្វើឡើងបន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ករណី “ឱសថស្ថាន” មួយកន្លែងដែលបានបង្ហោះវីដេអូលើបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអតិថិជនម្នាក់ មកទិញឱសថតម្លៃ ១៣ ៥០០ រៀល ហើយអតិថិជនសុំតថ្លៃ ១៣ ០០០ រៀល តែម្ចាស់ឱសថស្ថានមិនព្រមចុះថ្លៃជូន និងបានយកថ្នាំត្រលប់មកវិញ”។ 

ក្រោយមានការផ្សព្វផ្សាយ ក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ១ បានអញ្ជើញលោកស្រីឱសថការី ជាម្ចាស់ឱសថស្ថាន “ប៊ីយូយែរ” ដែលមានអាសយដ្ឋានលើមហាវិថីចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកបង្ហោះវីដេអូ និងជាឱសថការីទទួលបន្ទុកបច្ចេកទេសមកសាកសួរ និងបំភ្លឺលើករណីខាងលើ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីបានធ្វើការសាកសួរ និងអង្កេតស្រាវជ្រាវរួចមក បានរកឃើញថា “លោកស្រីឱសថការី គឹម សុជាតា ម្ចាស់ឱសថស្ថានប៊ីយូយែរ ពិតជាបានប្រព្រឹត្តកំហុសឆ្គង និងបានទទួលស្គាល់កំហុសរបស់ខ្លួន”។

លោកស្រីឱសថការី គឹម សុជាតា ម្ចាស់ឱសថស្ថានប៊ីយូយែរ បានសន្យានឹងក្រុមប្រឹក្សាគណៈឱសថការី ដោយធ្វើការសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានប្រព្រឹត្ត, នឹងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន និងប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើ លោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ដោយយោងលើការប្រព្រឹត្តខុសក្រមសីលធម៌ឱសថការី ក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ១ បានសម្រេច “ផ្អាកអាជ្ញាបណ្ណ” ឱសថការី ចំនួន ១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជ សាស្ត្រចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕