2025-12-03 08:40
9

ភ្នំពេញ៖ ថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ  វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ១៤៣ នាក់។

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឺកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន៖ ធ្វើជាអ្នករំលឹកឱ្យមានសន្ទុះការងារជាប្រចាំ, ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល និងត្រូវមានទេពកោសល្យក្នុងការពន្យល់ភាគីពាក់ពន្ធ័ នឹងប្រជាជនឱ្យបានយល់ពីការងារគ្រប់គ្រងសុខភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំណុចសំខាន់មួយបន្ថែមទៀត របស់អ្នកដឹកនាំវិស័យសុខាភិបាល ដែលអ្នកដឹកនាំគ្រប់រូបត្រូវនាំមកនូវរូបភាពល្អនៃភាពជាអ្នកដឹកនាំ គ្រប់ពេលវេលា ទាំងអាកប្បកិរិយា សំដី និងខ្លឹមសារ មកបង្ហាញជាសាធារណៈនៅក្នុងដំណើរនៃការដឹកនាំក្នុងគោលនយោបាយដែលត្រឹមត្រូវ។ អ្នកដឹកនាំគ្រប់រូបត្រូវព្យាយាមចូលរួមទាំងកំលាំងកាយ និងចិត្តនៅក្នុងគ្រប់បេសកម្មទាំងអស់របស់អង្គភាពរបស់ខ្លួន ហើយក៍ត្រូវបង្ហាញរូបភាពល្អនៃភាពជាអ្នកដឹកនាំនេះ ទាំងនៅក្នុងអង្គភាព ក្នុងវេទិការអន្តរអង្គភាព និងនៅលើឆាកអន្តរជាតិ។ 

បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឺក អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។
ជាកិច្ចបន្ត មានបទបង្ហាញ ចំនួន ០២ ត្រូវបានរៀបចំដោយ ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីសមិទ្ធិផលសុខាភិបាលក្នុងខេត្តបាត់ដំបង និងក្រុមការងារនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងក៍បានបង្ហាញពី PDIA សម្រាប់ការបង្កើនសេវាពិគ្រោះជំងឺក្រៅរបស់មន្ទីរពេទ្យ។

ជាចុងបញ្ចប់លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៍បានផ្តល់នូវអនុសាសន៍ ឱ្យអ្នកដឹកនាំទាំងអស់ ធ្វើជាគំរូល្អដល់បុគ្គលិករបស់ខ្លួន និងខិតខំជួយបុគ្គលិកធម្មតាម្នាក់ៗ ឱ្យប្រែក្លាយទៅជាបុគ្គលិកគន្លឺះ ក្នុងការជួយអភិវឌ្ឍអង្គភាពនាពេលបច្ចុប្បន្ន និងពេលអនាគត៕