2025-12-03 09:55
62

ហ្សឺណែវ៖ កម្ពុជា បានបង្ហាញព័ត៌មានលម្អិតអំពីការខូចខាត និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលកើតចេញពីការវាយប្រហាររបស់ថៃ នៅតាមបណ្ដាព្រំដែន ក្រោមការរក្សាទុកនៃអនុសញ្ញាអូតាវ៉ា។ ក្នុងនោះក៏រួមមានការស្លាប់របស់ កុមារម្នាក់ ដោយគ្រាប់បែកចង្កោម ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍អន្តរជាតិ។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន (CMAA) បានរៀបរាប់ច្បាស់លាស់ពីភាពលំបាករបស់ពលរដ្ឋកម្ពុជា ដែលត្រូវបានបង្កឱ្យក្លាយជាជនភៀសសឹក បន្ទាប់ពីការវាយប្រហារដែលប៉ះពាល់ដល់ជីវិត សម្បត្តិ និងសន្តិសុខប្រចាំថ្ងៃ។ គាត់ថា “ការវាយប្រហារទាំងនេះ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសាធារណៈរងការខូចខាតយ៉ាងខ្លាំង និងទម្លាក់ផលប៉ះពាល់រយៈពេលវែងដល់សង្គមក្នុងតំបន់”។

ការបង្ហាញព័ត៌មានរបស់កម្ពុជា បានធ្វើឡើងចំពោះរដ្ឋភាគី និងរដ្ឋមិនមែនភាគី នៃអនុសញ្ញាអូតាវ៉ា ដោយមានវត្តមានរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិសំខាន់ៗជាច្រើន។ វេទិកានេះ គឺជាកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលមានប្រទេសជប៉ុន មានតួនាទីជាប្រធាន។

កម្ពុជា បានលើកឡើងថា “ជម្លោះ និងការវាយប្រហារនៅតំបន់ព្រំដែន មិនត្រឹមតែបង្ហាញពីការរំលោភក្រមសីលធម៌មនុស្សធម៌ទេ ប៉ុន្តែបង្កការខូចខាតយ៉ាងធ្ងន់ដល់ជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍ជាតិ”។

សូមជម្រាបថា លោកទេសរដ្ឋមន្រ្តី លី ធុជ, អនុប្រធានទី១ អាជ្ញាធរមីន (CMAA) បានបន្តសកម្មភាពការទូតសម្អាតមីន ដោយជួបប្រជុំទ្វេភាគី ដាច់ដោយឡែកជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការមីនពី អាល្លឺម៉ង់ ស្វីស និងកាណាដា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី០១ និងទី០២ ខែធ្នូ ឆ្នាំ២០២៥ ខណៈកម្ពុជាកំពុងបន្តបង្ហាញករណីបញ្ហាប្រឈមថ្មីៗតាមព្រំដែន។ ក្នុងជំនួបទាំងនេះ លោក លី ធុជ បានធ្វើបច្ចុប្បន្នភាពលម្អិតអំពីស្ថានភាពមីននៅកម្ពុជា ការងារសម្អាតមីនដែលកំពុងអនុវត្ត និងបញ្ហាប្រឈមថ្មីៗដែលកើតឡើងតាមចំណុចព្រំដែន ដែលមានមូលហេតុចម្បងពី ការវាយប្រហាររបស់ថៃ។

មន្ត្រីជាន់ខ្ពស់បរទេសដែលលោកបានជួបនោះ រួមមាន៖ លោក Stefan Delfs នាយកផ្នែកសកម្មភាពមីនមនុស្សធម៌ នៃក្រសួងការបរទេស អាល្លឺម៉ង់, លោកស្រី Zoë Poznicek មន្ត្រីទទួលកម្មវិធីបោសសម្អាតមីនមនុស្សធម៌ នៃក្រសួងការបរទេស ស្វីស និងលោក Jason Kelland, មន្ត្រីជាន់ខ្ពស់កាណាដា ទទួលបន្ទុកកិច្ចការគោលនយោបាយ កិច្ចការមិនរីកសាយភាយអាវុធ និងកិច្ចការរំសាយអាវុធ។

ក្នុងការជួបជាមួយមន្ត្រីជាន់ខ្ពស់ទាំង៣រូបនេះ កម្ពុជា បានលើកឡើងពីការលំបាកដែលកើតឡើងថ្មីៗ ករណីបាត់បង់ជីវិតរបស់ពលរដ្ឋ ព្រមទាំងបញ្ហាអនុវត្តតំបន់សម្អាតមីនដែលរងការរំខាន ដើម្បីស្វែងរកការគាំទ្របន្ថែមទាំងផ្នែកបច្ចេកទេស ថវិកា និងធនធានមនុស្ស៕