2025-12-03 10:21
4

ភ្នំពេញ៖ អាជ្ញាធរមីន កម្ពុជា (CMAA) ច្រានចោលយ៉ាងដាច់អហង្ការចំពោះអត្ថបទដែលបានចេញផ្សាយនៅក្នុងសារព័ត៍មាន Nikkei Asia កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដែលចោទប្រកាន់ថា “កម្ពុជា ប្រើប្រាស់មីនប្រឆាំងមនុស្សនៅតាមបណ្តាព្រំដែន និងទាមទារឱ្យប្រើវិធានការក្រោមមាត្រា ៨ នៃអនុសញ្ញាអូតាវ៉ា។ ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាន ធ្វើឡើងដោយឯកតោភាព ហើយផ្ទុយពីស្ថានការណ៍ពិតនៅលើដី”។

ជុំវិញការចុះផ្សាយចោទប្រកាន់មកលើកម្ពុជា ដោយគ្មានមូលដ្ឋានក្នុងសារព័ត៍មាន Nikkei Asia ដើម្បីបំភ្លឺ និងធ្វើឱ្យពិតប្រាកដ អាជ្ញាធរមីនកម្ពុជា បានលើកចំណុចសំខាន់ៗដូចខាងក្រោម៖
១. កម្ពុជា មិនមានប្រើប្រាស់មីនប្រឆាំងមនុស្ស ចាប់តាំងពីបានចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ រយៈពេលជាង៣០ឆ្នាំ កន្លងមកនេះ កម្ពុជា មិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់ កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ។ កម្ពុជា មិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ ខ្ជាប់នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុង សកម្មភាពកំចាត់មីន ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា។

២. ផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើនពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០។
៣. ថៃ តែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗ ដោយឯកតោភាគីនៅតាមបណ្តោយព្រំដែន ដោយគ្មានការសម្របសម្រួល គ្មានតម្លាភាព ហើយមិនគោរពតាមយន្តការដែលមានស្រាប់។ ទង្វើបែបនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយទៅ នឹងស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការរបស់អនុសញ្ញាអូតាវ៉ា។ សកម្មភាពមីនមនុស្សធម៌ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាសកម្មភាពឯកតោភាគី ឬដើម្បីបម្រើគោលបំណងនយោបាយឡើយ។

៤. សកម្មភាពមីនរបស់កម្ពុជា មានតម្លាភាព មានភាពឈានមុខ និងស្របតាមគោលការណ៍ មនុស្សធម៌។ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ដែលបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ កម្ពុជា បានបោសសម្អាតផ្ទៃដីមានមីន ជាង ៣ ពាន់គីឡូម៉ែតការ៉េ ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សប្រមាណ ជាង  ១,២ លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រមាណជាង ៣ លានគ្រាប់។ កម្ពុជា គាំទ្រយ៉ាងមុតមាំដល់សកម្មភាពបោសសម្អាតមីន និងមិនដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ប្រទេសជិតខាងឡើយ។ កម្ពុជា តែងតែជំរុញ និងពង្រឹងការបោសសម្អាតមីនមនុស្សធម៌ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈ ការសន្ទនា ការព្រមព្រៀងរវាងគ្នា និងគ្នា និងការប្រើប្រាស់យន្តការរួមដែលមានស្រាប់ ដើម្បីធានាថា “បញ្ហាព្រំដែនទាំងអស់ ត្រូវបានដោះស្រាយដោយសន្តិភាព និងប្រកបដោយវិជ្ជាជីវៈ”។

៥. បញ្ហាមនុស្សធម៌មិនគួរត្រូវប្រើប្រាស់ក្នុងនិន្នាការនយោបាយឡើយ។ កម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយឃើញថា “ការចោទប្រកាន់ដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ និងមិនស្របតាមទិដ្ឋភាពបច្ចេកទេស” ត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយ ហើយធ្វើឱ្យបាត់បង់ ទំនុកចិត្ត និងបំផ្លាញវឌ្ឍនភាពដែលកម្ពុជាសម្រេចបានជាច្រើនទសវត្សរ៍កន្លងមកនេះ។ សកម្មភាពមីន គួរតែជាកិច្ចការមនុស្សធម៌ និងមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយណាមួយឡើយ។ កម្ពុជា នៅតែឈរលើគោលការណ៍ភស្តុតាង កិច្ចសហការ និងយន្តការដែលមានស្រាប់ និងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ក្នុងសកម្មភាពមីន។

៦. ថៃ ម្តងហើយម្តងទៀត បានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ជាយុទ្ធសាស្ត្រ ដើម្បីបំផ្លាញសមិទ្ធផល និងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជា និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលជារដ្ឋភាគី មានការប្តេជ្ញាខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា។

៧. ការប្រើប្រាស់បញ្ហាមីន ដើម្បីបង្កសកម្មភាព និងបញ្ហានានាដោយថៃ បានរំលោភបំពានស្មារតីនៃ អនុសញ្ញាអូតាវ៉ា និងធ្វើឱ្យមានភាពបែកបាក់វាងរដ្ឋភាគី និងសហគមន៍អន្តរជាតិ។
៨. ថៃ បានប្រើឧប្បត្តិហេតុផ្ទុះមីនជាហេតុផស ដើម្បីបង្កជម្លោះប្រដាប់អាវុធជាមួយកម្ពុជា និងឈ្លានពានលើទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន។ ថៃ បានប្រើប្រាស់ឧប្បត្តិហេតុផ្ទះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេល សង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគូឡាឡាំពួរ និងសេចក្តីថ្លែងការរួមគ្នា។

៩. កម្ពុជា អំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង និងស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ជំរុញឱ្យមានការស៊ើបអង្កេតបច្ចេកទេសរួមគ្នា មានការចូលរួមពីតួអង្គអព្យាក្រឹត និងគោរពយន្តការដែលមានស្រាប់ ចៀសវាងការចោទប្រកាន់ ជាឯកតោភាគី ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់អនុសញ្ញាអូតាវ៉ា និង
១០. កម្ពុជា នៅតែបន្តប្តេជ្ញារក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាព និងគោរពតាមកាតព្វកិច្ចនៃអនុសញ្ញា អូតាវ៉ា។

យើងសូមអញ្ជើញ Nikkei Asia និងភាគីផ្សេងទៀត ដែលទទួលបានព័ត៌មាននេះ ធ្វើការស៊ើបអង្កេតដោយបច្ចេកទេស និងឆ្លើយតបយ៉ាងប្រកបដោយវិជ្ជាជីវៈ។ កម្ពុជា សង្ឃឹមថា ការស៊ើបអង្កេតនេះនឹងជួយបង្កើនភាពជាក់លាក់ និងច្បាស់លាស់នៃការចែកចាយព័ត៌មានពិត និងទប់ស្កាត់ការប្រើបញ្ហាមនុស្សធម៌ជាឧបករណ៍នយោបាយ៕