2025-12-28 10:16
20

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ថា បន្ទាប់ពីមានកិច្ចព្រមព្រៀង “បទឈប់បាញ់បន្ទាន់” រវាងកម្ពុជា និងថៃ ចាប់ផ្តើមអនុវត្តពីម៉ោង១២ថ្ងៃត្រង់ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពជួរមុខមានសភាពការស្ងប់ស្ងាត់។

លោកស្រីបានបញ្ជាក់ថា “ទោះបីជាស្ថានភាពមានភាពស្ងប់ស្ងាត់ក្តី កងកម្លាំងកម្ពុជា នៅតែបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួន ដោយមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ឲ្យបានយ៉ាងខ្ជាប់ខ្ជួនបំផុត”។

លោកស្រី ម៉ាលី សុជាតា បានថ្លែងបន្ថែមទៀតថា សេចក្តីប្រកាសរួមកាលពីម្សិលមិញនេះ គឺជាការអនុវត្តបន្តនូវអ្វីដែលបានឯកភាពនាពេលកន្លងមក រួមមាន “កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ស្តីពី “សន្តិភាពកម្ពុជា-ថៃគូឡាឡាំពួ” ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា “កម្ពុជា និងថៃ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) និងឯកភាពពង្រីកការងារអាណត្តិក្នុងការផ្ទៀតផ្ទាត់ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងវិធានការនានាដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ”៕