ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee - GBC) រវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងមាត់ ក្នុងការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងបន្តស្វែងរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ការប្តេជ្ញាចិត្តនេះ ត្រូវបានអះអាងដោយលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍រវាង កម្ពុជា-ថៃ» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ។
លោកស្រីបានបញ្ជាក់ថា កិច្ចប្រជុំ GBC ពិសេសលើកទី៣ នេះ ជាវេទិកាសំខាន់មួយ សម្រាប់ភាគីទាំងពីរ ក្នុងការពិភាក្សា និងឯកភាពលើវិធានការជាក់ស្តែង ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយភាពតានតឹង និងបង្កើតបរិយាកាសសន្តិភាព និងទំនុកចិត្តទៅវិញទៅមក។
លោកស្រី ម៉ាលី សុជាតា ក៏បានគូសបញ្ជាក់ថា “ការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពតាមបណ្តោយព្រំដែន គឺជាអាទិភាពរួមរបស់កម្ពុជា និងថៃ ដើម្បីធានាសុវត្ថិភាពជីវភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនទាំងសងខាង”៕




