2025-12-30 07:40
17

យូណាន៖ ប្រមុខការទូតកម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេស នៅល្ងាចថ្ងៃទី២៩ ខែធ្នូ បានលើកឡើងថា ការជំរុញការងាររបស់ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីបន្តដំណើរការ និងធ្វើការវាស់វែង ជាពិសេសនៅតំបន់ដែលមានការប៉ះពាល់ ត្រូវបានចាត់ទុកជាចំណុចសំខាន់ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់ និងធានាថា កំណាត់ព្រំដែនដែលបានដោះស្រាយរួចហើយ មិនក្លាយជាបញ្ហា ឬប្រភពនៃទំនាស់ព្រំដែនឡើងវិញរវាងប្រទេសទាំងពីរ ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំទ្វេភាគី និងត្រីភាគី នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ២០២៥។

លោក ប្រាក់ សុខុន បានលើកឡើងថា កន្លងមក គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានអនុវត្តការងារជាច្រើន និងសម្រេចបានលទ្ធផលសំខាន់ៗ ហើយមុនពេលកើតមានការប៉ះទង្គិចនាពេលថ្មីៗនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការវាស់វែងកំណាត់ព្រំដែនមួយចំនួនរួចហើយ ដែលបង្ហាញយ៉ាងច្បាស់ថា បញ្ហាព្រំដែនអាចដោះស្រាយបានតាមរយៈយន្តការ GBC ដោយមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបន្តប្រើប្រាស់យន្តការ GBC ដែលជាមធ្យោបាយល្អបំផុត សម្រាប់ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងផែនទីនានា ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង ដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន៕