2025-12-30 13:35
16

PALM BEACH, Florida,(Reuters)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយក្នុងន័យកំហែងដល់អ៊ីរ៉ង់យ៉ាងម៉ឺងម៉ាត់នៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកអាចនឹងគាំទ្រការវាយប្រហារដ៏សំខាន់មួយទៀតលើអ៊ីរ៉ង់ ប្រសិនជាប្រទេសនេះ នៅតែផ្គើនបន្តការកសាងឡើងវិញនូវកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមកាចេញផ្សាយពីសារព័ត៌មាន Reuter។ 

ថ្លែងនៅក្បែរនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីកិច្ចប្រជុំ ក្នុងរដ្ឋ Florida រួមគ្នា បុរសមានអំណាចរបស់សហរដ្ឋអាមេរិក បានឆ្លៀតគ្រហឹមព្រមានក្រុម Hamas ផងដែរ ជុំវិញផលវិបាកដ៏ធ្ងន់ធ្ងរប្រសិនបើក្រុមនេះនៅតែមិនព្រមដកអាវុធ។

គួរឲ្យដឹងថា រងើកភ្លើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tehran អាចនឹងឆេះម្ដងទៀតដរាបណា អ៊ីរ៉ង់នៅតែរឹងរូសជាមួយអាមេរិក ក្នុងការស្តារកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារដ៏ធំរបស់មហាអំណាចអាមេរិកនៅក្នុងខែមិថុនាកន្លងទៅ។

លើសពីនេះ រឿងដែលកំពុងធ្វើឲ្យពិពភលោកដាក់ការព្រួយបារម្ភមួយទៀតនោះ ខណៈ លោក ត្រាំ កំពុងជាប់ដៃដោះស្រាយបញ្ហាជាមួយបណ្ដាប្រទេសមួយចំនួន ឆ្លៀតក្នុងឱកាសនេះ មហាយក្សចិន ក៏បានចាប់ផ្ដើមងើបស្ទុះឡើង ដោយប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងចេតនាចង់គំរាមតៃវ៉ាន់ កុំឲ្យអាងអាមេរិក និងជប៉ុន ខណៈកោះនេះអាចកើតមានអាសន្នធំជាមួយខ្លួនក៏ថាបាន។ 

ការកំហែងរបស់ចិនបែបនេះ ធ្វើឡើងក្រោយទីក្រុងប៉េកាំងបានដឹងព័ត៌មានថា សហរដ្ឋអាមេរិកបានអនុម័តលក់អាវុធក្នុងតម្លៃ ១១,១ ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់ ក្នុងន័យចង់រារាំងមហិច្ឆតាខ្លួនដើម្បីលេបត្របាក់កោះនេះ។

ការលាតត្រដាងចង្កូម និងបញ្ចេញសំឡេងគ្រហឹមដាក់គ្នាដោយប្រយោល ពីប្រទេសមហាអំណាចពិភពលោក កំពុងធ្វើឲ្យប្រទេសតូចៗជាច្រើនដាក់ការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញភាពប្រទូស្តរាយគ្នានេះ ដែលអាចនឹងបង្កើនហានិភ័យកាន់តែខ្ពស់ទៅដល់សកលលោក។ 

គួរឲ្យដឹងថា យោងតាមការចេញផ្សាយពី  BBC News ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ធ្លាប់អះអាងថា លោកបានបញ្ចប់សង្គ្រាមចំនួន ៨ រួចមកហើយនៅឆ្នាំ២០២៥នេះ ដូចជា៖ អ៊ីស្រាអែល និងក្រុមហាម៉ាស, អ៊ីស្រាអែល និងអ៊ីរ៉ង់, អេហ្ស៊ីប និងអេត្យូពី, ឥណ្ឌា និងប៉ាគីស្ថាន, ស៊ែប៊ី និងកូសូវ៉ូ, រវ៉ាន់ដា និងកុងហ្គោ, អាមេនី និងអាស៊ែបៃហ្សង់ ចុងក្រោយ សង្គ្រាមរវាងកម្ពុជា និងថៃ។ 

ប៉ុន្តែជាក់ស្ដែង បទឈប់បាញ់ដែលត្រូវបានស្នើរឡើងដោយ ត្រាំ ទៅលើប្រទេសទាំងនេះ ហាក់នៅមានភាពផុយស្រួយនៅឡើយ។ តួយ៉ាងដូច រវាងអ៊ីស្រាអែល ក្រុមហាម៉ាស និងអ៊ីរ៉ង់ ជាដើម ដោយបទឈប់បាញ់ដែលពួកគេយល់ព្រមទទួល ហាក់មិនទាន់មានភាពរឹងមាំនៅឡើយ។ 

ទាំងនេះជាហេតុ ដែលគេកំពុងដាក់ការព្រួយបារម្ភថា ប្រសិនជាមហាអំណាចអាមេរិក បានត្រឹមសម្រួលបទឈប់ដ៏ផុយស្រួយ ទៅដល់ប្រទេសដែលកំពុងមានវិវាទបែបនេះ តើនៅថ្ងៃអនាគត ប្រទេសទាំងនេះអាចនឹងត្រឡប់មកប្រយុទ្ធគ្នាទៀតឬយ៉ាងណា?
Trump threatens Hamas, warns Iran of more strikes after Netanyahu talks