មណ្ឌលគិរី៖ ទីតាំងជាច្រើននៅតំបន់ជើងភ្នំរហាវ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច កំពុងក្លាយជាតំបន់រុករករ៉ែមាសខុសច្បាប់យ៉ាងគំហុក ដោយមានការធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្រោមការសម្របសម្រួល និងការបើកដៃពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៅតំបន់នោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពរុករករ៉ែមាសនៅទីតាំងរហាវ បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង ២០ គ្រួសារ កំពុងធ្វើអាជីវកម្មរុករករ៉ែមាសនៅតំបន់នេះ។ ក្នុងនោះ មួយចំនួនមកពីបណ្ដាឃុំ ស្រុកនានា នៅខេត្តក្រចេះ ខណៈមួយចំនួនទៀត ជាប្រជាពលរដ្ឋរស់នៅភូមិខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពដដែលបន្តថា សកម្មភាពរុករករ៉ែមាស ត្រូវបានអនុវត្តទាំងរដូវប្រាំង និងរដូវវស្សា។ ទោះជាយ៉ាងណា នៅរដូវវស្សា មានប្រជាពលរដ្ឋចូលរួមធ្វើសកម្មភាពកាន់តែច្រើន ដោយសារសម្បូរទឹក ខណៈនៅរដូវប្រាំង មានតែប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះ ដែលនៅបន្តការរុករកតាមអូរ និងតំបន់ព្រៃជើងភ្នំរហាវ ដោយសារខ្វះខាតទឹកប្រើប្រាស់។
ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មរុករករ៉ែមាស បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នការរកប្រាក់ចំណូលមានការលំបាក ដោយម៉ាស៊ីនសាំងខ្នាតតូច អាចរកមាសបានត្រឹមមួយថ្ងៃប្រហែល ១ ទៅ ២ ហ៊ុនប៉ុណ្ណោះ ខណៈការចំណាយវិញមានច្រើន ជាពិសេសការបង់ប្រាក់ជាប្រចាំទៅឲ្យមន្ត្រីពាក់ព័ន្ធ។
ប្រភពបានអះអាងថា មន្ត្រីបរិស្ថាន នៃដែនជម្រកសត្វព្រៃភ្នំព្រិច និងមន្ត្រីបរិស្ថានស្នាក់ការទួលចំបក់ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា រួមទាំងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធផ្សេងៗទៀត តែងតែចូលទៅទទួលយកប្រាក់ពីអ្នករុករករ៉ែមាសជាប្រចាំ។
ក្នុងនោះ មន្ត្រីពាក់ព័ន្ធបានតម្រូវឲ្យអ្នកប្រើម៉ាស៊ីនសាំងខ្នាតតូច បង់ប្រាក់ ចំនួន ១០ ម៉ឺនរៀល ក្នុងមួយទីតាំង សម្រាប់មួយខែ ខណៈអ្នកប្រើម៉ាស៊ីនខ្នាតធំ ត្រូវបង់ប្រាក់ប្រចាំខែរហូតដល់ ៤០ ម៉ឺនរៀល។ ក្រៅពីនេះ នៅមានការបង់ប្រាក់បន្ថែមទៅឲ្យសមត្ថកិច្ចជំនាញផ្សេងៗទៀត តាមការចរចាសម្របសម្រួលគ្នា។
ប្រភពបន្តថា សម្រាប់ក្រុមគ្រួសារដែលមានលទ្ធភាពប្រើប្រាស់គ្រឿងម៉ាស៊ីនធំៗ ពួកគេជាអ្នកចេញមុខសម្របសម្រួល ប្រមូលប្រាក់ពីតាមរណ្ដៅរ៉ែមាសផ្សេងៗ ដើម្បីយកទៅចាត់ចែងជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ជារៀងរាល់ចុងខែ ប្រជាពលរដ្ឋដែលធ្វើសកម្មភាពរុករករ៉ែមាស ត្រូវបានប្រមូលមកជួបជុំគ្នានៅភូមិរហាវ ដើម្បីប្រមូលថវិកាសម្រាប់ចាត់ចែងជូនសមត្ថកិច្ចទាំងនោះ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីបរិស្ថានស្នាក់ការទួលចំបក់ បានបញ្ជាក់ថា តំបន់កើតហេតុមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយចំពោះការចោទប្រកាន់ថាមានមន្ត្រីទទួលយកប្រាក់ពីអ្នករុករករ៉ែមាសនោះ បានអះអាងថា “មិនទាន់បានដឹងនៅឡើយទេ នឹងស្វែងរកការបញ្ជាក់បន្ថែម”។ ចំណែកមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច មិនអាចទាក់ទងសុំការបញ្ជាក់បាននៅឡើយ។
ជុំវិញបញ្ហានេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងប្រាប់កាសែតក្នុងស្រុកថា “លោកនឹងចាត់កម្លាំងចុះទៅបង្ក្រាបជាបន្ទាន់ ហើយប្រសិនបើរកឃើញថា មានមន្ត្រីក្រោមឱវាទពាក់ព័ន្ធនឹងការទទួលយកប្រាក់ពិតប្រាកដ លោកបានអំពាវនាវឲ្យមានការរាយការណ៍ជាសម្ងាត់ ដើម្បីចាត់វិធានការតាមច្បាប់”៕




