2026-01-05 16:10
26

បើកទំព័រសករាជថ្មីដើមឆ្នាំ២០២៦ភ្លាម ស្រាប់តែភាពជ្រួលច្របល់របស់ពិភពលោកកាន់តែរំកិលខិតជិតទៅរកភាពអាសន្ន ព្រោះមិនត្រឹមតែភាពតានតឹងដែលកំពុងកើនឡើងរវាងអ៊ុយក្រែននិងរុស្ស៊ី ចិននិងតៃវ៉ាន់ អ៊ីរ៉ង់និងអ៊ីស្រាអែល ចិននិងជប៉ុន និងក្រោយរងើកភ្លើងរវាងកូរ៉េខាងជើងនិងជប៉ុន ដែលទើបនឹងឆេះឡើងក្នុងពេលថ្មីៗនេះប៉ុណ្ណោះទេ។ 

ប៉ុន្តែក្រោយការវាយប្រហារនិងចាប់ខ្លួនមេដឹកនាំ នៃប្រទេសវេណេស៊ុយអេឡាលឿនដូចផ្លេកបន្ទោរ ពីសំណាក់កងកម្លាំងពិសេសរបស់អាមេរិក ស្រាប់តែសម្រែករបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានស្រែកឡើងគម្រាមសារជាថ្មីទៅលើវេណេស៊ុយអេឡាថា សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារយោធាលើកទីពីរលើប្រទេសនេះ ប្រសិនបើសមាជិក នៃរដ្ឋបាលដែលនៅសេសសល់ទាំងប៉ុន្មានមិនសហការជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីធ្វើឱ្យវេណេស៊ុយអេឡាមានរចនាសម្ព័ន្ធប្រទេសថ្មីឡើងវិញ ។ នេះបើតាម Reuter។

ការអត្ថាធិប្បាយរបស់លោក Trump ទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One បានលើកឡើងពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅអាមេរិកឡាទីន ក្នុងនោះជាសារដាស់តឿនទៅដល់ប្រទេសផ្សេងទៀតដូចជា កូឡុំប៊ី និងម៉ិកស៊ិក ក៏អាចប្រឈមមុខនឹងសកម្មភាពយោធារបស់អាមេរិកផងដែរ ប្រសិនបើប្រទេសទាំងនេះ មិនកាត់បន្ថយលំហូរនៃគ្រឿងញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិកទេនោះ។