2026-01-09 13:39
14

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ រដ្ឋ Kawthoolei ដែលជាដែនដីដូនតារបស់ជនជាតិ Karen បានប្រកាសជាផ្លូវការនូវឯករាជ្យភាពរបស់ខ្លួនពីរបបសឹកភូមា និងបង្កើតរដ្ឋឯករាជ្យថ្មីមួយក្រោមឈ្មោះ សាធារណរដ្ឋកាវតូលី - Republic of Kawthoolei។

ក្នុងសេចក្តីប្រកាសឯករាជ្យ រដ្ឋាភិបាល និងប្រជាជន Kawthoolei បានបញ្ជាក់ថា ការសម្រេចចិត្តដ៏ធ្ងន់ធ្ងរនេះ គឺជាលទ្ធផលនៃការទទួលរងការធ្វើទុក្ខបុកម្នេញយ៉ាងរ៉ាំរ៉ៃ អំពើរើសអើង និងសង្គ្រាមប្រល័យពូជសាសន៍ក្នុងកម្រិតផ្សេងៗ អស់រយៈពេលជាង ៧៧ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៤៩ មក ដោយរបបយោធា និងមេដឹកនាំផ្តាច់ការនៃប្រទេសភូមា។

សេចក្តីប្រកាសបានលើកឡើងថា សាធារណរដ្ឋកាវតូលី នឹងដំណើរការក្រោមប្រព័ន្ធអភិបាលកិច្ចប្រជាធិបតេយ្យ និងអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដោយគ្មានការគ្រប់គ្រងផ្តាច់មុខ ដើម្បីធានាសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ រដ្ឋថ្មីបានប្តេជ្ញាទទួលយក និងគោរពអនុសញ្ញា និងច្បាប់អន្តរជាតិទាំងឡាយ រួមមានកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដើម្បីលើកកម្ពស់សន្តិភាពអន្តរជាតិ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ។

ក្នុងសេចក្តីប្រកាសដដែល សាធារណរដ្ឋកាវទូលី បានអំពាវនាវដល់ប្រទេស និងរដ្ឋទាំងអស់ដែលស្រឡាញ់សន្តិភាព សូមផ្តល់ការគាំទ្រ និងជំនួយដល់ប្រជាជន Karen និងរដ្ឋថ្មីនេះ ដើម្បីធានាថា សន្តិភាព ស្ថេរភាព និងសិទ្ធិមនុស្ស នឹងត្រូវបានការពារ និងលើកកម្ពស់នៅតំបន់នេះ។

សាធារណរដ្ឋ Kawthoolei បានតែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់រួមមាន៖ លោកនាយឧត្តមសេនីយ៍ ណឺដា ម្យ៉ា (Gen. Nerdah Mya) ប្រធានាធិបតី ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ បូ ម្យ៉ា អតីតប្រធាន KNU), លោក ស ប៊ូហ្គេពោ (Saw Hsar Gay Po) អនុប្រធានាធិបតីទី១ និងជារដ្ឋមន្ត្រីការបរទេសស្តីទី, លោក ស ដេវីដ ថាខើភ័រ (Saw David Thackerpaw) អនុប្រធានាធិបតីទី២, លោក ស ភូថូលី (Saw Phoo Thulei) នាយករដ្ឋមន្ត្រី និងលោក ស ដេវីដ ឡដូ (Saw David Lawdoe) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិស្តីទី៕