2026-01-10 10:53
22

វ៉ាស៊ីនតោន៖ ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) លោក Kash Patel បានសម្រេចតែងតាំង លោក Christopher Raia ដែលជាភ្នាក់ងារអាជីពមានបទពិសោធន៍យូរឆ្នាំ ជាអនុប្រធាន FBI ជំនួសលោក Dan Bongino។ នេះបើតាមប្រភពជិតស្និទ្ធដែលបានបង្ហើបប្រាប់បណ្តាញសារព័ត៌មាន។

CNN បានរាយការណ៍ នៅថ្ងៃសៅរ៍នេះថា លោក Christopher Raia ជាភ្នាក់ងារដែលមានកិត្តិយស និងមានបទពិសោធន៍ជាង ២២ឆ្នាំ ក្នុងជួរអង្គភាព FBI។ 

ការតែងតាំងរបស់លោក ត្រូវបានចាត់ទុកថា ជាការប្រកាសត្រឡប់ទៅរកប្រពៃណីយូរអង្វែងរបស់ FBI ដែលតែងតាំងភ្នាក់ងារអាជីពឲ្យកាន់តួនាទីអនុប្រធាន ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រចាំថ្ងៃរបស់អង្គភាព។

ក្នុងតួនាទីថ្មីនេះ លោក Raia នឹងបំពេញភារកិច្ចរួមជាមួយ Andrew Bailey ដែលជាអនុប្រធានក្តាប់រួម (Co-Deputy Director) និងជាមនុស្សតែងតាំងផ្នែកនយោបាយ ដែលត្រូវបានដាក់ឲ្យកាន់តំណែងនៅខែកញ្ញា កន្លងទៅ ដោយរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកស្រី Pam Bondi។

តួនាទីអនុប្រធាន FBI មានភារកិច្ចគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ FBI ទាំងមូល ដែលជាមូលហេតុធ្វើឲ្យលោក Kash Patel មានបំណងចង់ឲ្យមនុស្សមកពីក្នុងស្ថាប័ន និងមានបទពិសោធន៍ផ្ទាល់ ជាអ្នកកាន់តួនាទីនេះ។

គួរបញ្ជាក់ថា នៅពេលលោក Patel ចូលកាន់តំណែងកាលពីឆ្នាំមុន លោកធ្លាប់មានគម្រោងតែងតាំងអនុប្រធានមកពីជួរភ្នាក់ងារអាជីពរួចហើយ ប៉ុន្តែ គម្រោងនោះត្រូវបានរារាំង បន្ទាប់ពីសេតវិមានបានជ្រើសរើស Dan Bongino អតីតភ្នាក់ងារ Secret Service និងជាអ្នកបង្ហោះមាតិកាគាំទ្រលោក Donald Trump យ៉ាងលេចធ្លោ ឲ្យកាន់តំណែងអនុប្រធាន FBI ជំនួសវិញ។

ការតែងតាំង Christopher Raia នៅពេលនេះ ត្រូវបានមើលឃើញថា ជាជំហានមួយក្នុងការពង្រឹងវិជ្ជាជីវៈ និងស្ថិរភាពផ្នែករដ្ឋបាល នៅក្នុងអង្គភាព FBI៕