2026-01-10 11:26
26

ការពិភាក្សាលើការអភិរក្សសត្វខ្លា និងការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) នាថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងអភិរក្សសត្វខ្លាធំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពខ្លាធំអន្តរជាតិ (IBCA) ដែលគម្រោងនេះ បានយកចិត្តទុកដាក់ចំពោះការស្តារចំនួនសត្វខ្លាឡើងវិញ និងធានាថាការងារអភិរក្សទាំងនេះទទួលបានជោគជ័យស្របតាមផែនការ ដែលបានកំណត់។ និយាយជារួម កម្ពុជា និងឥណ្ឌា បានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាសហគមន៍មូលដ្ឋាន។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដែលមិនត្រឹមតែជួយបង្កើនចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងទំនាក់ទំនងរវាងប្រជាជនឥណ្ឌា និង ប្រជាជនកម្ពុជា។  ចំណែក វិស័យបរិស្ថានវិញ រដ្ឋាភិបាលឥណ្ឌាក៏បានបន្តផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីក្រសួងបរិស្ថានកម្ពុជាជារៀងរាល់ឆ្នាំផងដែរ៕