2026-01-10 15:39
33

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែមករា មានពលរដ្ឋភៀសសឹកជាង ៤៧ ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្នុងចំណោមជនភៀសសឹក សរុបជាង ៦៤ ម៉ឺននាក់ ដែលត្រូវបានជម្លៀសចេញពីតំបន់រងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន កម្ពុជា-ថៃ។

តាមការបញ្ជាក់ដដែលបានឱ្យដឹងថា ចំនួនជនភៀសសឹកដែលនៅសេសសល់ក្នុងជំរុំបច្ចុប្បន្នមានត្រឹម ជាង ១៧ ម៉ឺននាក់ប៉ុណ្ណោះ ខណៈអាជ្ញាធរគ្រប់លំដាប់កំពុងបន្តសម្របសម្រួល និងរៀបចំលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួនវិញដោយសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានេះ សាលារៀន ចំនួន ៩៧៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន ចំនួន ១១៦ នៅតែបន្តបិទទ្វារ ដោយសារមិនទាន់មានលក្ខខណ្ឌសុវត្ថិភាពគ្រប់គ្រាន់។ 

មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើន ក៏បានដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។

លោក ប៉ែន បូណា បានបញ្ជាក់ថា ការវិលត្រឡប់របស់ជនភៀសសឹកនេះ ស្ថិតក្រោមស្មារតីនៃចំណុចទី៤ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលនៅតំបន់ព្រំដែនរងផលប៉ះពាល់ អាចវិលត្រឡប់ទៅរស់នៅ និងប្រកបជីវភាពធម្មតាវិញ ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព។ ទោះជាយ៉ាងណា នៅមានពលរដ្ឋមួយចំនួនមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារការបន្តមានវត្តមានយោធា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងតំបន់មួយចំនួន។

ដើម្បីដោះស្រាយបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតែងតាំងក្រុមការងារចំពោះកិច្ចមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដោយសារគ្រាប់បែក និងអំពើហិង្សាពីភាគីថៃ។ 

បច្ចុប្បន្ន ក្រុមការងារនេះ កំពុងចុះពិនិត្យវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែន ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការខូចខាតនៅតំបន់រងគ្រោះផងដែរ។

ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំ ខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងយោធិនកម្ពុជា ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ថ្ងៃ។ 

លទ្ធផលជាវិជ្ជមានទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈនយោបាយការទូតដ៏សកម្មដើម្បីបង្កើតឱ្យមានបទឈប់បាញ់ ហើយងាកទៅរកការចរចាតាមផ្លូវការទូត និងច្បាប់អន្តរជាតិវិញ ក្រោមការជួយជ្រោមជ្រែងពីភាគីអន្តរជាតិ។

រាជរដ្ឋាភិបាល ក៏បានអំពាវនាវ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអង្គការនានា ដែលបានចូលរួមជួយសម្រាលការលំបាករបស់ជនភៀសសឹក តាមរយៈការបរិច្ចាគ និងការគាំទ្រផ្នែកមនុស្សធម៌។ ស្មារតី «ខ្មែរជួយខ្មែរ» ត្រូវបានចាត់ទុកថា ជាកម្លាំងស្នូលសម្រាប់ការឆ្លងកាត់វិបត្តិនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា កម្ពុជា ប្រកាន់ខ្ជាប់ជំហរប្រទេសស្រឡាញ់សន្តិភាព គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងគោរពគោលការណ៍ច្បាប់អន្តរជាតិ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដោយមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕