2026-01-13 11:46
26

នៅលើបណ្ដាញសង្គមផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានធ្វើការបង្ហោះរូបភាព និងបានតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា។ ការបង្ហោះរបស់ លោក ត្រាំ ធ្វើឡើងក្រោយកងកម្លាំងពិសេសរបស់អាមេរិក បានចាប់ខ្លួន លោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ក្នុងប្រត្តិការវាយប្រហារដ៏រន្ធឺមួយនៅវេណេស៊ុយអេឡា។ នេះបើតាម The Standard។

កាលពីដើមខែមករាកន្លងទៅ បន្ទាប់ពីការសម្រុកវាយប្រហារយ៉ាងខ្លាំង ដើម្បីបង្រ្កាបមេដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡា ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ធ្លាប់បានគ្រហឹមព្រមានទៅដល់ប្រទេសនេះជាលើកទីពីរផងដែរ។ 

ដោយតាមការចុះផ្សាយពី  Reuter លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងម៉ឺងម៉ាត់ថា សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារយោធាលើកទីពីរលើប្រទេសនេះ ប្រសិនបើសមាជិក នៃរដ្ឋបាលដែលនៅសេសសល់ទាំងប៉ុន្មានមិនសហការជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីធ្វើឱ្យវេណេស៊ុយអេឡាមានរចនាសម្ព័ន្ធប្រទេសថ្មីឡើងវិញ។

បន្ថែមពីនេះសម្រែកព្រមានដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីមហាអំណាចពិភពលោកមួយនេះ ក៏បានលាន់រន្ធឺទៅដល់កូឡុំប៊ី និងម៉ិកស៊ិកផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One បុរសមហាអំណាច ត្រាំ បានលើកឡើងពីលទ្ធភាព នៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅអាមេរិកឡាទីន ក្នុងនោះជាសារដាស់តឿនទៅដល់ កូឡុំប៊ី និងម៉ិកស៊ិក ក៏អាចប្រឈមមុខនឹងសកម្មភាពយោធារបស់អាមេរិកផងដែរ ប្រសិនបើប្រទេសទាំងនេះ មិនកាត់បន្ថយលំហូរនៃគ្រឿងញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិកទេនោះ៕