2026-01-30 07:25
44

ភ្នំពេញ៖ ថ្ងៃដែលគួរតែជាថ្ងៃសិរីមង្គលអាពាហ៍ពិពាហ៍របស់ខ្លួន អ្នកគ្រូពេទ្យ ជុំ ណារី មន្ត្រីសុខាភិបាលផ្នែកឆ្មប នៃមន្ទីរពេទ្យបង្អែកដង្កោ បានសម្រេចចិត្តផ្តល់អាទិភាពដល់ភារកិច្ចសាធារណៈ ដោយចូលរួមធ្វើជំរឿនមន្ត្រីដោយផ្ទាល់ នៅទីតាំងចុះជំរឿន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកដង្កោ។

ក្នុងឱកាសចូលរួមដំណើរការធ្វើជំរឿននេះ អ្នកគ្រូពេទ្យ ជុំ ណារី បានបង្ហាញនូវចិត្តស្ម័គ្រចិត្ត និងការយល់ឃើញខ្ពស់ចំពោះសារៈសំខាន់នៃការងារជំរឿន ដោយបានលើកឡើងថា៖ «ហេតុផលដែលខ្ញុំមកធ្វើជំរឿន ចំថ្ងៃសិរីមង្គលរបស់នាងខ្ញុំ ដោយសារតែនាងខ្ញុំគិតថា ការធ្វើជំរឿននាពេលនេះ ពិតជាមានសារៈសំខាន់ ហើយនាងខ្ញុំរីករាយក្នុងការចូលរួមការធ្វើជំរឿននេះ»។

អ្នកគ្រូពេទ្យបានបន្ថែមថា ក្នុងរយៈពេល ១២ឆ្នាំ ដែលខ្លួនបានបំពេញតួនាទីជាមន្ត្រីសុខាភិបាល នេះជាលើកទីមួយដែលបានចូលរួមក្នុងការធ្វើជំរឿនមន្ត្រី ដូច្នេះមិនអាចខកខានឱកាសដ៏សំខាន់នេះបានឡើយ ទោះបីជាជាប់រវល់ក្នុងពិធីអាពាហ៍ពិពាហ៍ក្តី។

គួររំលឹកថា ការចុះជំរឿនផ្ទាល់តាមអង្គភាព គឺមានគោលបំណងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងអាចប្រើប្រាស់រួមគ្នាបានប្រកបដោយប្រសិទ្ធភាព។

ការចុះតាមអង្គភាពដោយផ្ទាល់របស់គណៈកម្មការជំរឿន ក៏ជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការការងារប្រចាំថ្ងៃរបស់មន្ត្រី ការធ្វើដំណើរ និងការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿនផងដែរ។

ក្នុងឱកាសដ៏មានន័យនេះ គណៈកម្មការជំរឿន សូមជូនពរអ្នកគ្រូពេទ្យ ជុំ ណារី និងស្វាមី សូមជួបតែសេចក្តីសុខ សុភមង្គល និងភាពរុងរឿងតរៀងទៅ៕