2026-02-05 10:20
137

(ភ្នំពេញ)៖ ថៃស៊ីញ៉េនឹងដៃលុបនិងជើង! ខណៈកិច្ចព្រមព្រៀងមានជាបន្តបន្ទាប់ ទាំងមានការទទួលស្គាល់ពីមហាអំណាចផងនោះ ប៉ុន្តែថៃមិនខ្ចីព្រឺញញើតបន្តិចសោះឡើយ សកម្មភាពរបស់យោងធាថៃបន្តផ្កើន ឈូសឆាយផ្ទះប្រជាជនកម្ពុជា និងហ៊ុមព័ទ្ធយកដីកម្ពុជាតាមតែទំនើងចិត្ត ចង់បានកន្លែងណា ព័ន្ធយកន្លែងនោះ មិនខ្វល់ពីច្បាប់អន្តរជាតិឡើយ។ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានប្រកាសតវ៉ាជាផ្លូវការប្រឆាំងនឹង ការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែន អន្តរជាតិអានសេះ។

ក្រសួងការបរទេសបានចាត់ទុកថា សកម្មភាពនេះ ដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការ គ្រប់គ្រង់ដោយយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនស៊ីវិលទៅ កាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេវិញ។

កម្ពុជាបានអះអាងថាខ្លួនជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះ ដែលជាការពង្រឹងការកាន់កាប់ លើទឹកដីកម្ពុជាដោយប្រទេសថៃ។ 

សកម្មភាពនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែង ក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំង អស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់នូវគោលជំហរជា គោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕