2026-02-05 15:15
17

ពេលនេះការឈ្លានពានរបស់ចិន ទៅលើកោះតៃវ៉ាន់ឬអត់ ហាក់លែងមានទម្ងន់សម្រាប់អាមេរិកទៀតហើយ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រើយុទ្ធសាស្រ្តឈ្នះៗសម្រាប់ខ្លួនឯងក្នុងការត្រៀមខ្លួនចាប់ដៃធ្វើពាណិជ្ជកម្មជាមួយចិនផង និងសហការលក់អាវុធឲ្យតៃវ៉ាន់ផង។

ចិនធ្លាប់បានព្រមានដល់ប្រទេសផ្សេងៗ ដែលចង់លូកដៃឈឺឆ្អាលបញ្ហាកោះតៃវ៉ាន់ថា ការប៉ុនប៉ងណាមួយដើម្បីគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ នឹងកាន់តែពន្លឿនការឆ្ពោះទៅរកស្ថានភាពគ្រោះថ្នាក់ និងហឹង្សានៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ រីឯតៃវ៉ាន់ បានវាយបកដោយមិនឱនក្បាលឲ្យទីក្រុងប៉េកាំងយ៉ាងម៉ឺងម៉ាត់វិញថា ខ្លួននឹងនៅតែរក្សាជំហរប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយមិនព្រមស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដាច់ខាត។

ខណៈជម្លោះមិនដាច់ស្រេចរវាងចិននិងតៃវ៉ាន់កំពុងបន្ត អាមេរិកហាក់ជាតួអង្គសំខាន់មួយដែលមិនអាចខ្វះបានរវាងជម្លោះដែលគ្មានថ្ងៃបញ្ចប់នេះ។ 

មិនបានហាមឃាត់ចិនមិនឲ្យឈ្លានពានតៃវ៉ាន់ ក៏មិនបានទុកទីក្រុងតៃប៉ិឲ្យទីក្រុងប៉េកាំងឈ្លានពានបានងាយៗ អាមេរិកបានជ្រើសផ្លូវចំណេញមួយសម្រាប់ខ្លួនឯង។

ដោយថ្មីៗនេះ តាម Reuter បានឲ្យដឹងថា តៃវ៉ាន់ទើបតែប្រកាសទិញអាវុធទំនើបៗ និងចាប់ដៃជាមួយ លោក ត្រាំ ក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងរំភើយ ខណៈតាមការចេញផ្សាយពី BBC លោក ត្រាំ ក៏ទើបប្រកាសថា ចិនកំពុងពិចារណាទិញសណ្តែកសៀងអាមេរិកចំនួន 20 លានតោន ដែលជាការបង្ហាញទំនាក់ទំនងដ៏ល្អឥតខ្ចោះរវាង លោក ត្រាំ និង លោក Xi។

មិនបានរើសផ្លូវកាន់ជើងមេដឹកនាំណាមួយ តែអាមេរិកបែរជាប្រើវិធីសាស្រ្តចាប់ដៃប្រកៀកស្មាយ៉ាងស្និទ្ធស្នាលជាមួយចិននិងតៃវ៉ាន់ទៅវិញ ដែលនេះជាយុទ្ធសាស្រ្តដ៏ឆ្លាតវៃមួយដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ស្គាល់តែពាក្យថាចំណេញ ច្រើនជាងការខាតបង់ មិនថាទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច គ្រឿងសព្វាវុធ ឬកាទូតនោះទេ៕

អត្ថបទដោយ៖ ម៉េង ធីដា