2023-07-03 15:09
398

ភ្នំពេញ៖ លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ ថ្លែងតាមបណ្ដាញសង្គមតេឡេក្រោម​នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ ករណី​ឆេះខារ៉ាអូខេ និងសណ្ឋាគារ «6969 ឃីស» ក្នុងសង្កាត់ផ្សារដេប៉ូទី១ ស្លាប់០៨នាក់​ ក្នុងនោះមានជនរងគ្រោះ​ ជាជនជាតិ​ខ្មែរ​-ចិន​ និងវៀតណាម​ ដោយសារ​ឈ្លក់​ផ្សែង​។ ក្រោយ​កើតហេតុ​ មន្រ្តី​ជំនាញ​បានចុះស្រាវជ្រាវ​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ ៤នាក់​ ក្នុងចំណោម​បក្ខពួក​ ៥នាក់​ ដែលជាប់ពាក់ព័ន្ធករណី​អគ្គីភ័យ​នេះ​ ខណៈ​ជនសង្ស័យម្នាក់កំពុងរត់គេចខ្លួន​។

លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ ក៏បានបញ្ជាក់ដែរថា​ អាគារ​មួយនេះកំពុងតែ​ជុសជួល​ធ្វើ​ថ្មី​ ប៉ុន្តែ​ដោយ​តែក្រុម​ជាង​ជាងសំណង់​ធ្វើ​ការ​ផ្សារដែក​គ្មានការប្រុង​ប្រយ័ត្ន​ ទើប​បង្កជាអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​តែម្តង​។ 

សូមរម្លឹកថា​ កាលពីវេលាម៉ោង ៥​ និង១០នាទីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ​ មានករណី​អគ្គីភ័យ​មួយ​បានឆាបឆេះ​ទីតាំងហាងខារ៉ាអូខេ និងសណ្ឋាគារយីហោ 6969 ឃីស អ៉ិនធេីធេនមិន ឯ.ក នៅជាន់ទី៥ ស្ថិតនៅក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះបានបណ្តាលឱ្យខូចខាតអស់សម្ភារៈមួយចំនួន និងមនុស្សប្រុសស្រី ០៨នាក់បានស្លាប់។

ដោយឡែក​យោង​តាមការបញ្ជាក់ពី​វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋធ្វេីការរាយការណ៍មកកាន់លេខទូរស័ព្ទ Hotline របស់ការិយាល័យថា មានករណីអគ្គិភ័យកំពុងឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីស អ៉ិនធេីធេនមិន ឯ.ក យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ធ្វេីការចេញជួយអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលេីនេះ ដោយសារតែស្ថានភាពទីតាំងខារ៉ាអូខេ និងសណ្ឋាគារ មានផលលំបាកជាច្រេីន ក្នុងការជួយសង្គ្រោះអន្តរាគមន៍ទាន់ពេលវេលា កត្តាទាំងនេះបានធ្វើឲ្យមន្ត្រីជំនាញទាំងអស់ពិបាកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ជាក់ស្ដែង ដោយនៅក្នុងរង្វង់ប្រតិបត្តិខាងលើនេះ ដោយសារតែស្ថានភាពខាងក្នុងមានផ្សែងជាតិពុលខ្លាំង ពិបាកក្នុងការចូលជួយសង្គ្រោះមនុស្ស។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចជំនាញនៅតែបន្តខិតខំជួយសង្គ្រោះដែលរ តែដោយសារតែស្ថានភាពខាងក្នុងពិបាក ហេីយកម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់បំពង់ខ្យល់អុកស៊ីសែន ហៅកាត់ថា (SCBA) ក្នុងប្រតិបត្តិការនេះផងដែរ។

លោក ព្រហ្ម យ៉ន បន្តទៀតថា ហេតុការណ៍អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីស អ៉ិនធេីធេនមិន ឯ.ក នៅជាន់ទី៥ ខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន ក្នុងនោះបណ្តាលឱ្យមនុស្សចំនួន០៨នាក់ស្លាប់ (ប្រុស៦នាក់ ស្រីចំនួន ១នាក់ សុទ្ធតែជនជាតិចិន និងភេទទី៣ ជាជនជាតិវៀតណាមចំនួន ២នាក់) ក្នុងនោះជាប្រភេទសំណង់ ថ្មបេតុង (៣០ម៉ែត្រ គណុ ៣០ម៉ែត្រ)។

ក្នុងប្រតិបត្តិការខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ៨៨ឡាន ស្មេីរនឹង ៣៥២ម៉ែត្រគូបរថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ឡាន ស្មេីរនឹង ២៤ម៉ែត្រគូប, ទីក្រុងជ្រោយចង្វារ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ ១៥ឡាន ស្មេីរនឹង ៦០ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ឡាន ស្មេីរនឹង ១២ម៉ែត្រគូប។ 

លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ ក៏បានបញ្ជាក់បន្ថែមថា៖​ បច្ចុប្បន្នជនសង្ស័យ​ចំនួន​ ៤នាក់​ ដែលពាក់ព័ន្ធ​ករណី​អគ្គីភ័យ​ខាងលេីនេះ​ កំពុងឃាត់ខ្លួនបណ្ដោះ​នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និងកសាងសុំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ផងដែរ៕