ភ្នំពេញ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានលើកឡើងថា ឯកអគ្គរាជទូត មិនត្រឹមតែជាតំណាងឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងឱ្យប្រទេសជាតិ ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាទាំងមូល។ ដូច្នេះ បេសកកម្មការទូត គឺជាការងារដ៏ឧត្តុង្គឧត្តម ដែលត្រូវការពារឱ្យបាននូវផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតជូនឯកអគ្គរាជទូតកម្ពុជាចំនួន ៤រូប ដែលទើបទទួលបានការតែងតាំងឱ្យទៅបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចាកចេញពីមាតុប្រទេស។
ឯកអគ្គរាជទូតទាំង ៤រូប រួមមាន៖ លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់, លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម, លោក ឆាយ មករា ឯកអគ្គរាជទូតប្រចាំរដ្ឋកូវ៉ែត និង លោក ផូ សំអាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋគុយបា។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះការតែងតាំងឯកអគ្គរាជទូតទាំងបួនរូប ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា «ជាមន្រ្តីការទូត ត្រូវធ្វើការដោយភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ហ្មត់ចត់ និងត្រូវតម្កល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិជាធំ។ មន្រ្តីការទូត គឺជាប្រភពព័ត៌មានសំខាន់សម្រាប់ថ្នាក់ដឹកនាំ ដូច្នេះត្រូវក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រហ័ស និងធ្វើការវិភាគស៊ីជម្រៅ ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំប្រកបដោយប្រសិទ្ធភាព»។
សម្តេចបន្ថែមថា បេសកកម្មការទូត មានតួនាទីបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងក្នុងស្រុក ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ មន្រ្តីការទូតត្រូវមានសមត្ថភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរដ្ឋ ការទូតសភា ការទូតសេដ្ឋកិច្ច និងការទូតប្រជាជន។
លើសពីនេះ ឯកអគ្គរាជទូត ក៏មានតួនាទីជាអាណាព្យាបាលពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា ឬធ្វើការនៅក្រៅប្រទេស ត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ រក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិឱ្យអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយ។
លោក ណុំ ពិសិដ្ឋ តំណាងឯកអគ្គរាជទូតទាំងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់អនុសាសន៍ល្អៗ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា៕




