2026-02-28 09:14
366

ប្រទេសចិនបានដកមន្ត្រីចំនួន19នាក់ចេញពីជួរយោធា មុនកិច្ចប្រជុំនយោបាយប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួនធ្វើឡើងយ៉ាងឱឡារឹកនៅសប្តាហ៍ក្រោយ ក្នុងនោះមានមន្រ្តីប្រាំបួននាក់ស្ថិតក្នុងបញ្ជីសមាជិកសភារបស់ លោក Xi Jinping ។

តាមប្រភពពី BBC បានឲ្យដឹងថា ការដកចេញនេះត្រូវបានប្រកាសដោយស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេស គឺគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC)។

មិនទាន់មានហេតុផលផ្លូវការណាមួយចេញមកបញ្ជាក់ សម្រាប់ការដកតំណែងនេះទេ ប៉ុន្តែគេសង្កេតឃើញថា វាបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំកំពូលរបស់ចិន បានដក លោក ចាំង យ៉ូស៊ា (Zhang Youxia) ដែលជាឧត្តមសេនីយមានតំណែងខ្ពស់និងជាសម្ព័ន្ធមិត្តយោធាដ៏កៀកបំផុតរបស់ លោក Xi Jinping ចេញពីតួនាទីរបស់គាត់។

ចាប់តាំងពីឡើងកាន់អំណាចមក លោក Xi បានប្រើអំណាចដ៏មានឥទ្ធិពលរបស់ខ្លួន ដើម្បីកំចាត់ដង្កូវក្នុងសាច់ចេញឲ្យអស់ពីបក្សកុម្មុយនិស្តរបស់លោក។ 

ទង្វើសែនម៉ត់ចត់របស់មេដឹកនាំចិនរូបនេះ ធ្វើឲ្យមនុស្សមានគំនិតពីរផ្ទុយគ្នាយល់ឃើញពីគោលជំហររបស់លោក ក្រុមទី១ បានលើកសរសើរពីការខិតខំរបស់លោក Xi ក្នុងការរេរាំងមិនឲ្យអំពើពុករលួយណាមួយចូលកាន់តែជ្រៅ ចាក់ឫសមាំក្នុងទីក្រុងប៉េកាំងបាន ប៉ុន្តែចំពោះក្រុមទី២ បែរជារិះគន់និងយល់ថា លោក Xi ធ្វើនេះដើម្បីតែប្រើវាជាឧបករណ៍ដើម្បីបោសសម្អាតគូប្រជែងនយោបាយរបស់ខ្លួនប៉ុណ្ណោះ។

តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា អ្នកដែលត្រូវបានដកចេញពីតំណែងរួមមាន លោក Li Qiaoming មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជន (PLA) និង លោក Shen Jinlong អតីតមេបញ្ជាការកងទ័ពជើងទឹក PLA ផងដែរ។ 

ក្នុងបញ្ជីក៏មានមន្ត្រីយោធាមួយចំនួនទៀត និងមន្ត្រីខេត្តមួយចំនួនរួមមាន លោក Sun Shaochong អតីតប្រធានបក្សនៃតំបន់ម៉ុងហ្គោលីខាងក្នុង។

គួរឲ្យដឹងថា គណៈប្រតិភូរាប់ពាន់នាក់គ្រោងនឹងចុះមកទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំចំនួនពីរវគ្គដាច់ដោយឡែកពីគ្នា។ វាត្រូវបានគេដឹងថាជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ NPC ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិន និងសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ដែលជាស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ទីក្រុងប៉េកាំង។ 

ទាំងពីរវគ្គនេះនឹងដំណើរការពីថ្ងៃទី4 ដល់ថ្ងៃទី11 ខែមីនា ខាងមុខ ហើយដំណាក់កាលនោះ រដ្ឋាភិបាលចិននឹងប្រកាសពីផែនការប្រាំឆ្នាំរបស់ខ្លួន ដែលវាបង្ហាញពីគោលបំណងនៃគោលនយោបាយសំខាន់ៗ រួមទាំងគោលដៅសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំងផងដែរ៕
China's legislature removes nine military officials ahead of key political  meeting

China removes nine military officials ahead of annual political meeting –  Firstpost