2026-02-28 10:41
365

កាប៊ុល/អ៊ីស្លាម៉ាបាដ ថ្ងៃទី ២៧ ខែកុម្ភៈ (រ៉យទ័រ) - មេដឹកនាំតាលីបង់អាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃសុក្រថា ខ្លួនសុខចិត្តបន្ទន់ឥរិយាបថបើកតុចរចាបន្ទាប់ពីប៉ាគីស្ថានប្រើធម៌ក្ដៅទម្លាក់គ្រាប់បែកលើកងកម្លាំងរបស់ពួកគេនៅក្នុងទីក្រុងធំៗ។ នេះបើតាម Reuter ចេញផ្សាយនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៦។

មិនមែនសុខៗ ក្រុមតាលីបង់ប្រែមកចុះញ៉មជាមួយប៉ាគីស្ថានដោយគ្មានហេតុផលនោះទេ។ តាមអ្នកនាំពាក្យតាលីបង់បាននិយាយថា ប៉ាគីស្ថានស្រាប់តែបើកការវាយប្រហារលើរដ្ឋធានីកាប៊ុល ទីក្រុង Kandahar របស់អាហ្វហ្គានីស្ថាន ដែលជាមូលដ្ឋានរបស់មេដឹកនាំតាលីបង់ ធ្វើឡើងក្រោមហេតុផលថា ក្រុមនេះបានរារាំងក្រុមសកម្មប្រយុទ្ធដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រុងអ៊ីស្លាមបាដ។ តាលីបង់ចាត់ទុកថា វាជាការវាយប្រហារដោយផ្ទាល់និងលើកដំបូងបង្អង់លើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ពីសំណាក់ទ័ពអាកាសប៉ាគីស្ថាន។

វិលទៅរកទិដ្ឋភាពនៅទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រ ផ្សែងខ្មៅយ៉ាងក្រាស់បានហុយចេញពីកន្លែងចំនួនពីរ ដែលមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ រូបភាពឡានស៊ីរ៉ែននៃរថយន្តសង្គ្រោះជាច្រើនរត់តម្រៀបគ្នាលើដងផ្លូវ ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ អមដោយការផ្លោងគ្រាប់ពីលើអាកាសរបស់យោធាប៉ាគីស្ថាន។ 

សំឡេងផ្ទុះខ្លាំងៗដូចផ្គរលាន់នៅតែបន្ត ទីបំផុតឃ្លាំងរំសេវមួយត្រូវបានផ្ទុះ ហើយអាវុធដែលបានរក្សាទុកត្រូវបានឆេះ ក្រោយការទម្លាក់គ្រាប់ចំមិនឲ្យខុសគោលដៅពីប៉ាគីស្ថាន។

មិនអាចទ្រាំមើលរូបភាពខ្ទេចខ្ទីបែបនេះបានទេ ត្រឹមរយៈពេលមួយថ្ងៃ ក្រុមតាលីបង់ លើកដៃ រួចបង្ហើបសំឡេងស្នើសូមការចរចាជាមួយប៉ាគីស្ថានភ្លាមៗ ប៉ុន្តែចំពោះការឆ្លើយតបយ៉ាងណា ប៉ាគីស្ថានមិនទាន់ផ្ដល់ព័ត៌មានលម្អិតនៅឡើយ៕