2026-02-28 13:36
366

រងើកភ្លើងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងងំឡើងបន្តិចម្ដងៗ ហើយមើលទៅវាមិនងាយពន្លត់បានដូចភ្លើងចំបើងនោះទេ។ តាមរយៈរដ្ឋាភិបាលទីក្រុង Haifa នៅភាគខាងលិចប្រទេសអ៊ីស្រាអែលបានចេញសារមួយកាលពីថ្ងៃទី27 ខែកុម្ភៈ ស្វាគមន៍ភ្ញៀវថ្មី ដែលជានាវាផ្ទុកយន្តហោះ USS Gerald R. Ford ដ៏កំណាចរបស់សហរដ្ឋអាមេរិក។

នេះសបញ្ជាក់ថា USS Gerald R. Ford ដ៏សាហាវគ្មានគូប្រៀបហៀបនឹងចូលចតក្នុងប្រទេសអ៊ីស្រាអែលហើយ ដែលបច្ចុប្បន្នវាកំពុងស្ថិតនៅលើឆ្នេរសមុទ្រ Haifa ហើយត្រូវបានគេរំពឹងថានឹងចូលចតនៅថ្ងៃនេះ។ យោងតាមរូបភាពពីផ្កាយរណប ដែលបញ្ចេញដោយក្រុមហ៊ុនចិន MizarVision បានបង្ហាញទិដ្ឋស្ទើរទាំងស្រុងនៃនាវាផ្ទុកយន្តហោះFord ក្នុងនោះមាន យន្តហោះចម្បាំង F/A-18 ប្រហែល 40 គ្រឿងត្រូវបានចតយ៉ាងច្រឡឹងនៅលើនាវា រួមជាមួយនឹងយន្តហោះ 4 គ្រឿងទៀតដែលមានឌីសរាងជារង្វង់នៅលើខ្នងរបស់វា មើលទៅដូចជាយន្តហោះ E-2 Hawkeye ។ 

មិនចម្លែកទេដែលអាមេរិកសម្រេចចតនាវារបស់ខ្លួននៅទីក្រុង Haifa ព្រោះវាជាទីតាំងមួយដែលនៅជិតសមុទ្រមេឌីទែរ៉ាណេបំផុតក្នុងការឆ្ពោះទៅកាន់មុខផ្ទះប្រទេសអ៊ីរ៉ង់ ដែលអាចឲ្យនាវាផ្ទុកយន្តហោះ Ford ចូលទៅបាននិងវាយប្រហារយ៉ាងងាយស្រួល។ ចម្ងាយពីទីក្រុង Haifa ទៅកាន់រដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ គឺប្រហែល 1,500 គីឡូម៉ែត្រប៉ុណ្ណោះ បើធៀបក្នុងការធ្វើប្រតិបត្តិការរបស់យន្តហោះចម្បាំង F/A-18 របស់អាមេរិក។

តាម V.N Express ការមកដល់របស់នាវាផ្ទុកយន្តហោះចម្បាំង Ford នៅតំបន់មជ្ឈិមបូព៌ាកើតឡើង បន្ទាប់ពីអាមេរិកបានដាក់អ៊ីរ៉ង់ក្នុងបញ្ជីខ្មៅ ក្រោយភាពតានតឹងរវាងប្រទេសទាំងពីរមើលមិនឃើញពីពន្លឺថមថយកម្ដៅ។ 

ស្របគ្នានេះដែរ កាលពីថ្ងៃទី27 ខែកុម្ភៈ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានដកបុគ្គលិកស្ថានទូតចេញពីទីក្រុងតេអេរ៉ង់ហើយដែលធ្វើឡើងស្ថិតក្រោមហេតុផលដើម្បីធានាសុវត្ថិភាព ខណៈដែលចិន និងកាណាដា ក៏បានណែនាំពលរដ្ឋរបស់ពួកគេឱ្យចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ដូចគ្នា។ 

រីឯបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន ក៏បានជំរុញឱ្យពលរដ្ឋរបស់ពួកគេជម្លៀសខ្លួន ឬជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ា ដោយបារម្ភថាស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ទាំងនោះ។ 

លើសពីនេះ នៅថ្ងៃតែមួយនេះផងដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានឲ្យតម្រុយខ្លះៗហើយថា លោកមិនពេញចិត្តចំពោះការចរចាររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននោះទេ តែលោកនឹងព្យាយាមអត់ធ្មត់រង់ចាំមើលថា នឹងមានអ្វីកើតឡើងបន្តក្នុងកិច្ចពិភាក្សាបន្ទាប់ទៀត៕