មុនការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមធ្លាក់ចូលទឹកដីនៃទីក្រុងតេអេរ៉ង់កាលពីថ្ងៃសៅរ៍ និងបានបណ្ដាលឲ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានស្លាប់នៅថ្ងៃទី០១ ខែមីនា នេះ បង្កើតចេញជាសំណួរលេចឡើងថា តើនរណានឹងខ្លាចជាមេដឹកនាំប្រទេសបន្តពី លោក Khamenei? ហើយតើប្រទេសនេះនឹងនៅតែបន្តទប់ទល់ជាមួយអាមេរិក និងអ៊ីស្រាអែលទាំងគ្មានក្បាលម៉ាស៊ីនដឹកនាំដល់ពេលណា?
លោក Khamenei ឡើងកាន់អំណាចជាមេដឹកនាំអ៊ីរ៉ង់តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះ មានរយៈពេលជិត៤០ឆ្នាំមកហើយ។ មុនគម្រោងវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល មេដឹកនាំរូបនេះ បានរៀបចំការគ្រោងទុករួចជាស្រេចហើយសម្រាប់ការផ្លាស់ប្តូរអំណាចរបស់លោកក្នុងព្រឹត្តិការណ៍អាសន្នណាមួយកើតឡើង។
តាមប្រភពពី New York Time បានឲ្យដឹងថា ក្នុងខែមិថុនា អំឡុងពេលជាប់ដៃធ្វើសង្រ្គាម ១២ថ្ងៃជាមួយអ៊ីស្រាអែល នៅក្រោយការលាក់ខ្លួនរបស់ លោក Ayatollah Khamenei គាត់បានដាក់ឈ្មោះបេក្ខជនបីនាក់រួចជាស្រេច ដែលនឹងត្រូវបានតែងតាំងយ៉ាងរហ័ស ដើម្បីស្នងតំណែងរបស់គាត់។ លក្ខខណ្ឌនៃការតែងតាំង មេដឹកនាំកំពូលជំនាន់ក្រោយត្រូវតែជាបព្វជិតនិកាយ Shia ជាន់ខ្ពស់ និងជាអ្នកប្រាជ្ញដែលត្រូវបានតែងតាំងដោយគណៈកម្មាធិការបព្វជិត។
ប្រភពដដែលបន្តថា ការសម្រេចជ្រើសរើសបេក្ខភាពទាំងបីដែលគ្រោងនឹងស្នងដំណែងជំនួស មេដឹកនាំអ៊ីរ៉ង់ដែលទើបទទួលមរណៈភាពនេះ មិនមែនជាការអត្តនោម័តឯកតោភាគីពីលោក Ayatollah Khamenei តែឯងនោះទេ។ ពោលលោកសម្រេចជ្រើសរើស ដោយផ្អែកលើកិច្ចពិភាក្សាយ៉ាងម៉ត់ចត់ជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួនប្រាំមួយរូប និងបព្វជិតពីរនាក់ដែលមិនបង្ហាញអត្តសញ្ញាណ។ ក្នុងនោះ លោក Mojtaba ដែលជាឥស្សរជនដ៏មានឥទ្ធិពលនិងជាកូនប្រុសរបស់ លោក Khamenei ត្រូវបានរំពឹងថានឹងស្នងដំណែងពីឪពុក ប៉ុន្តែ លោក Khamenei មិនយល់ស្រប ដោយលើកឡើងថា គាត់មិនចង់ឱ្យតំណែងមេដឹកនាំកំពូលមានលក្ខណៈតំណពូជនោះទេ។
ប្រទេសមួយដែលត្រូវបាត់ក្បាលម៉ាស៊ីនដឹកនាំ ប្រាកដណាស់វានឹងពិបាកក្នុងការបង្វែរទិសដៅពិតប្រាកដដើម្បីត្រៀមទប់ទល់នឹងសត្រូវខាងក្រៅផង និងត្រូវរៀបចំសណ្ដាប់ធ្នាប់ប្រទេសខាងក្នុងផង។
យ៉ាងណាមិញ ប្រភពដដែលពី New York Time មេដឹកនាំកំពូលអ៊ីរ៉ង់ ធ្លាប់បានប្រមើលមើលពីក្ដីមរណៈរបស់ខ្លួនទុកមុនរួចមកហើយប្រសិនជាមានសង្គ្រាមជាមួយអាមេរិក ដោយគាត់បានឱ្យក្រុមសម្ព័ន្ធមិត្តផ្នែកនយោបាយ និងយោធាមួយក្រុមតូចធ្វើការសម្រេចចិត្ត ប្រសិនបើគាត់ត្រូវសម្លាប់ ឬមិនអាចមានជីវិត បានក្នុងអំឡុងពេលផ្ទុះសង្រ្គាម។
ក្នុងនោះគាត់បានដាក់ឈ្មោះបុគ្គលបួនរូបដើម្បីឡើងកាន់តំណែងជាមន្ត្រីយោធាជាន់ខ្ពស់ និងជាឥស្សរជននយោបាយ មានដូចជា លោក Hejazi; កងពលតូច, ឧត្តមសេនីយ Mohammad Bagher Ghalibaf ជាប្រធានសភា និងជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍។ និងទីប្រឹក្សាយោធាកំពូលរបស់លោក និងជាអតីតមេបញ្ជាការក្នុងប្រធានឆ្មាំ គឺឧត្តមសេនីយ Yahya Rahim Safavi។
ប៉ុន្តែជាការបរាជ័យមួយផ្នែក យោធាអ៊ីស្រាអែលបាននិយាយថា លោក Hejazi កងពលតូចដែលលោក Khamenei ត្រៀមដាក់ឲ្យឡើងគ្រងតំណែងជាមន្រ្តីជាន់ខ្ពស់ ក៏ត្រូវបានពួកគេសម្លាប់ដែរ។
យ៉ាងណាក៏ដោយ ស្ថានការណ៍កំពុងវឹកវរបែបនេះ គេនៅមិនទាន់អាចដឹងច្បាស់នោះទេថានរណាជាអ្នកទទួលបន្ទុកដឹកនាំប្រទេសបន្ទាប់។
ប៉ុន្តែតាមការលើកឡើងពី លោក Araghchi រដ្ឋមន្ត្រីការបរទេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមជាមួយសហរដ្ឋអាមេរិក "យើងអាចបាត់បង់មេដឹកនាំមួយចំនួនរបស់យើងបាន ប៉ុន្តែនេះមិនមែនជាបញ្ហាធំនោះទេ"។
សបញ្ជាក់ថា អ៊ីរ៉ង់ស៊ូស្លាប់ ក៏មិនឲ្យអាមេរិក និងអ៊ីស្រាអែល មើលងាយសមត្ថភាពប្រទេសខ្លួនបានដែរ៕




