ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា កងកម្លាំងយោធាអាមេរិកបានវាយប្រហារគោលដៅយោធាច្រើននៅលើ កោះ Kharg របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់បំផុតរបស់ប្រទេសនេះ។
បញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ថា ការវាយប្រហារដោយអាវុធចំគោលដៅបានបំផ្លាញគោលដៅយោធារបស់អ៊ីរ៉ង់ជាង ៩០ទីតាំង រួមមានប្រព័ន្ធការពារអាកាស មូលដ្ឋានកងទ័ពជើងទឹក និងសំណង់ព្រលានយន្តហោះ។
លោក ត្រាំ បានអះអាងថា គោលដៅយោធានៅលើកោះនេះត្រូវបាន “បំផ្លាញទាំងស្រុង” ប៉ុន្តែមិនបានផ្តល់ភស្តុតាងលម្អិតឡើយ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនទាន់វាយប្រហារបរិក្ខារប្រេងនៅលើកោះ Kharg នៅឡើយទេ ប៉ុន្តែអាចពិចារណាធ្វើដូច្នោះ ប្រសិនបើអ៊ីរ៉ង់រារាំងចរាចរណ៍នាវាតាម ច្រកសមុទ្រ Hormuz។
ជាការឆ្លើយតប អ៊ីរ៉ង់បានព្រមានថា ប្រសិនបើបរិក្ខារប្រេងរបស់ខ្លួនត្រូវបានវាយប្រហារ នោះខ្លួននឹងធ្វើឱ្យបរិក្ខារប្រេងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក “ក្លាយជាកម្ទេចផេះ”។
សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានអះអាងថា ទោះបីមានការវាយប្រហារក៏ដោយ ការនាំចេញប្រេងពីកោះ Kharg នៅតែបន្តដំណើរការធម្មតា។ កោះនេះគឺជាចំណុចនាំចេញប្រេងលើសពី ៩០ភាគរយ នៃប្រេងរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដែលកំពុងបន្តចូលសប្តាហ៍ទី៣ បានធ្វើឱ្យតម្លៃប្រេងឆៅនៅទីផ្សារពិភពលោកកើនឡើងជាង ៤០ភាគរយ រួចមកហើយ ខណៈអ្នកវិភាគព្រមានថា ប្រសិនបើមានការវាយប្រហារលើបរិក្ខារប្រេងក្នុងតំបន់ វាអាចបង្កវិបត្តិថាមពលធំមួយសម្រាប់ពិភពលោក៕



