2026-03-15 13:35
29

កំពង់ធំ៖ កុមារប្រុស-ស្រី ០២នាក់ បានស្លាប់យ៉ាងអាណោចអាធម្មបំផុត បន្ទាប់ពីរើសគ្រាប់មិនទាន់ផ្ទុះមួយយកមកដំលេង បណ្ដាលឲ្យផ្ទុះ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះទី២ មានឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ កុមារទាំងពីរនាក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយ ហើយយកមកដុំលេង បណ្ដាលឲ្យគ្រាប់នោះផ្ទុះភ្លាមៗ បង្កឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតហេតុ ពួកគេត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយហេតុការណ៍នេះ អាជ្ញាធរមីនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសកុមារ និងយុវជន បើប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុចម្លែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឬយកទៅទីណាមួយ ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្ដាលឲ្យរបួស ពិការ ឬស្លាប់បានគ្រប់ពេល។

អាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន តាមរយៈលេខទូរស័ព្ទ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613 និង 063 96 34 99 ដើម្បីឲ្យក្រុមជំនាញចុះពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា៕