ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសម្តែងភាពរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង ចំពោះករណីកុមារ២នាក់បានបាត់បង់ជីវិត ដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបានបញ្ជាក់ថា ការផ្ទុះគ្រាប់ប្រភេទ M79 (M381) ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បានបណ្តាលឲ្យកុមារ២នាក់ រងរបួសធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត ក្នុងនោះមានកុមារាប្រុសម្នាក់ អាយុ៨ឆ្នាំ និងកុមារីម្នាក់ អាយុ១៤ឆ្នាំ។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា នេះគឺជានាដកម្មដ៏សោកសៅមួយ ដែលបណ្តាលមកពីសំណល់គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម។
ទោះបីជាគ្រាប់ទាំងនេះមានអាយុកាលជាង៣០ ទៅ៤០ឆ្នាំហើយក្តី ប៉ុន្តែវានៅតែបន្តបង្កគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញជីវិតមនុស្ស ជាពិសេសកុមារ និងប្រជាពលរដ្ឋដែលមិនបានប្រុងប្រយ័ត្ន។
ក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ប្រសិនបើប្រទះឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ឬយកមកលេងឡើយ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬក្រុមជំនាញ ដើម្បីចុះពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងហានិភ័យ និងការបាត់បង់ជីវិតដូចករណីដ៏សោកសៅនេះ៕




