2026-03-15 21:32
21

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ចំនួន ១៤ នាក់ ជាមួយម៉ូតូ ចំនួន ១៤ គ្រឿង ដែលពាក់ព័ន្ធនឹងការកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅពីរទីតាំង រួមមាន ចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមយុវជនទាំងនេះបានកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ដែលបង្កសម្លេងខ្លាំងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានអប់រំណែនាំ និងឱ្យម្ចាស់ម៉ូតូទាំងអស់ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសបន្តទៀត។

ជាមួយគ្នានេះ ម៉ូតូចំនួន ១៤ គ្រឿង ត្រូវបានសមត្ថកិច្ចដកហូត ក្នុងនោះ ១១ គ្រឿង ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ខណៈ ០៣ គ្រឿងទៀត ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

សមត្ថកិច្ចក៏បានអំពាវនាវដល់យុវជន និងម្ចាស់យានយន្តទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ និងជៀសវាងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កសម្លេងរំខានដល់សាធារណៈ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម៕