គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ត្រូវបានផ្តួចផ្តើមដោយប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ហើយពិធីបើកការដ្ឋានសាងសង់ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
គម្រោងសាងសង់នេះ ត្រូវបានអនុវត្តឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងបន្តនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែង ដោយឈរលើមូលដ្ឋាននៃសច្ចភាព និងការខិតខំប្រឹងប្រែងក្នុងការបម្រើជាតិ និងប្រជាជន។
ទីស្នាក់ការគណបក្សខេត្តកំពង់ធំថ្មីនេះ ត្រូវបានសាងសង់ឡើង ដើម្បីជំនួសទីស្នាក់ការបច្ចុប្បន្នដែលមានទំហំតូច និងមិនអាចឆ្លើយតបតាមតម្រូវការការងារបានគ្រប់គ្រាន់។ ដូច្នេះ ក្រុមការងារគណបក្សបានឯកភាពគ្នាសាងសង់អគារថ្មីមួយ ដែលមានភាពស័ក្តិសម និងអាចបំពេញតម្រូវការការងារបានប្រកបដោយប្រសិទ្ធភាព។
តាមគម្រោង អគារទីស្នាក់ការថ្មីនេះ ត្រូវបានរចនាប្លង់តាមរចនាបទខ្មែរ និងមានអគារសំខាន់ៗចំនួន៦ រួមមាន អគារសាលប្រជុំ អគាររដ្ឋបាល អគារផ្ទះបាយ អគារទទួលទានអាហារ រោងសម្រាប់ដាក់គ្រឿងចក្រ និងកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ។ ក្រៅពីនេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត ដូចជា ផ្លូវ របង សួនច្បារ ចំណតរថយន្ត និងទីធ្លាធំសម្រាប់រៀបចំមីទ្ទីង ដែលអាចផ្ទុកមនុស្សបានប្រមាណ ១ម៉ឺននាក់។
តាមការបញ្ជាក់ ការសាងសង់គម្រោងនេះសម្រេចបានប្រមាណ ៣៥ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខាងមុខ។
ក្នុងឱកាសនោះ លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណាយធនធាន និងកៀរគរសប្បុរសជន ដើម្បីចូលរួមកសាងទីស្នាក់ការគណបក្សខេត្តនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពការងារ និងរួមចំណែកកសាងគណបក្សឱ្យកាន់តែរឹងមាំ។
លោកក៏បានបញ្ជាក់ថា គម្រោងនេះមានគោលដៅរួមចំណែកពង្រឹងមូលដ្ឋានគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា និងសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា៕









