2026-03-17 11:03
24

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី16 ខែមីនាថា នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅដែលធ្វើឲ្យនាវិក ៦០០នាក់ ជួបការលំបាកជាខ្លាំង។

យោងតាមកាសែត NY Times បានឱ្យដឹងថា អគ្គីភ័យនេះកើតចេញពីម៉ាស៊ីនសម្ងួតនៅក្នុងបន្ទប់បោកគក់នៃនាវា USS Gerald R. Ford កាលពីថ្ងៃទី 12 ខែមីនា ដែលត្រូវចំណាយពេលជាង 30 ម៉ោងឯណោះទើបអាចគ្រប់គ្រងបាន។  

នាវាចម្បាំង USS Gerald R. Ford មាននាវិក និងអ្នកបើកយន្តហោះសរុបចំនួន 4,500 នាក់ ក្នុងនោះដោយសារតែអគ្គីភ័យបានធ្វើឲ្យនាវិកជាង 600នាក់ នៅលើយន្តហោះដោយគ្មានកន្លែងគេង ហើយកងទ័ពជើងទឹកអាមេរិករាប់សិបនាក់ត្រូវបង្ខំចិត្តស្រូបផ្សែងក្នុងអំឡុងពេលភ្លើងឆេះ។  


យ៉ាងណាតាមការអះអាងពីកងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា អគ្គិភ័យនេះមិនប៉ះពាល់ដល់ប្រព័ន្ធម៉ាស៊ីន ឬម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់នាវានោះទេ។

នាវា USS Gerald R. Ford មានប្រវែង 337 ម៉ែត្រ និងទទឹង 78 ម៉ែត្រ បច្ចុប្បន្នវាគឺជានាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់ពិភពលោក។ នាវានេះកំពុងត្រូវបានដាក់ពង្រាយដោយសហរដ្ឋអាមេរិក បន្ទាប់ពីធ្វើដំណើរចេញពីសមុទ្រការាបៀនទៅកាន់មជ្ឈិមបូព៌ា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់។ 

Ford ក៏ជានាវាចម្បាំងដ៏ថ្លៃបំផុតផងដែរ ក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានតម្លៃជិត 13ពាន់លានដុល្លារ។ 

ទោះជាមានតម្លៃថ្លៃ និងទំហំធំបំផុតនៅលើពិភពលោកក៏ដោយ ប៉ុន្តែនាវាចម្បាំងមួយគ្រឿងនេះ តែងជួបប្រទះបញ្ហាជាច្រើនទាំងក្នុងអំឡុងពេលសាងសង់ ព្រមទាំងជួបប្រទះបញ្ហាខុសប្រក្រតីជាច្រើនពេលកំពុងបំពេញបេសកកម្មនៅសមុទ្រទៀតផង៕