2026-03-17 11:39
25

បាងកក៖ ប្រជាជនថៃជាច្រើនបានសម្រុកទៅចាក់ប្រេងបំពេញធុងយានយន្តរបស់ខ្លួន បណ្តាលឱ្យមានការតម្រង់ជួរយានយន្តយ៉ាងកកកុញ នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងតំបន់ជាច្រើន នៃប្រទេសថៃ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ខណៈមានការព្រួយបារម្ភពីការខ្វះប្រេង បន្ទាប់ពីផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។

តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ បានបង្ហាញថា មានជួរយានយន្តវែងជាច្រើនគីឡូម៉ែត្រ ដែលភាគច្រើនជារថយន្តភីកអាប់ និងម៉ូតូ តម្រង់ជួរចាក់ប្រេងនៅខាងក្រៅស្ថានីយប្រេងមួយ ក្នុងស្រុកម៉ែសត ខេត្តតាក ដោយជួរយានយន្តមានប្រវែងយ៉ាងតិចប្រមាណ៣គីឡូម៉ែត្រ។

ស្ថានភាពស្រដៀងគ្នានេះ ក៏បានកើតមាននៅខេត្តជាច្រើនទៀត រួមមានខេត្ត Suphan Buri និងខេត្ត Nakhon Sawan ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងពន្លឿនការដឹកជញ្ជូនប្រេងទៅកាន់ស្ថានីយនានា ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃបានអះអាងថា ប្រទេសនៅតែមានប្រេងឥន្ធនៈគ្រប់គ្រាន់ ហើយស្ថានភាពតម្រង់ជួរចាក់ប្រេងនេះ គឺបណ្តាលមកពីការសម្រុកទិញដោយសារការភ័យស្លន់ស្លោរបស់ប្រជាជនប៉ុណ្ណោះ។ 

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានទទួលស្គាល់ថា ប្រេងម៉ាស៊ូតពិតជាមានការខ្វះខាតនៅតាមស្ថានីយមួយចំនួនផងដែរ។

នៅក្នុងស្រុកមួយនៃខេត្ត Nakhon Ratchasima បុគ្គលិកស្ថានីយប្រេងមួយបានឱ្យដឹងថា មិនមានការតម្រង់ជួរចាក់ប្រេងទេ កាលពីថ្ងៃចន្ទម្សិលមិញ ព្រោះស្ថានីយបានអស់ទាំងប្រេងសាំង និងប្រេងម៉ាស៊ូតតាំងពីថ្ងៃអាទិត្យមកម្ល៉េះ។ ទន្ទឹមនឹងនេះ ម្ចាស់ស្ថានីយក៏មិនទាន់ទទួលបានដំណឹងពីក្រុមហ៊ុនមេថា ការដឹកជញ្ជូនប្រេងនឹងមកដល់នៅពេលណានោះដែរ។

នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន បានថ្លែងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលថៃកំពុងស្វែងរកប្រភពផ្គត់ផ្គង់ប្រេងពីបណ្តាប្រទេសផ្សេងៗបន្ថែមទៀត មិនមែនពឹងផ្អែកត្រឹមតែប្រទេសរុស្ស៊ីតែមួយនោះឡើយ៕