2026-03-17 12:40
26

រតនគិរី៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់បុរសជាប្តីជាមន្ត្រីយោធា បានបំផ្ទុះគ្រាប់បែកក្នុងផ្ទះ ខណៈខ្លួនឯងរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ០៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង មុខរបរ គ្រូបង្រៀន ត្រូវជាប្រពន្ធ បានស្លាប់នៅក្នុងបន្ទប់ដេក។ 

ចំណែកជនបង្កឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរ យោធា បម្រើការនៅកងពលលេខ១២៨ ឈរជើងនៅភ្នំទ្រព្យ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃហេតុការណ៍នេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ ដោយជនបង្កមានការប្រចណ្ឌប្រពន្ធ និងសង្ស័យថាមានសាហាយស្មន់លួចលាក់។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរបស់បងប្អូនជនជាតិ៕