ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប្រទេសកាតា Qatar Energy ដែលជាកន្លែងផលិតឧស្ម័នធម្មជាតិរាវដ៏ធំបំផុតរបស់ពិភពលោក កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្លោងកាំជ្រួចរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារបរិវេណ Ras Laffan (LNG) ដែលមានទីតាំងប្រហែល 80 គីឡូម៉ែត្រនៃភាគខាងជើងទីក្រុងដូហា។
ក្រោយការវាយប្រហារ ក្រសួងការបរទេសកាតាក្ដៅស្លឹកត្រចៀកងំ និងបានស្រែកថ្កោលទោសខ្លាំងៗទៅកាន់អ៊ីរ៉ង់ ដោយចោទថា ការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីរ៉ង់លើ Ras Laffan គឺជាសកម្មភាពគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់កាតា។
ជាការសងសឹក ប្រទេសនេះបានបណ្ដេញ មន្ត្រីយោធា សន្តិសុខអ៊ីរ៉ង់ និងបុគ្គលិកទាំងអស់របស់ទីក្រុងតេអេរ៉ង់ ឲ្យចាកចេញពីប្រទេសរបស់ខ្លួនក្នុងរយៈពេលត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការវាយប្រហារលើកន្លែងផលិតឧស្ម័នធម្មជាតិរាវដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារវាយប្រហារទៅលើតំបន់ឧស្ម័ន South Pars ដ៏ធំរបស់អ៊ីរ៉ង់។
Ras Laffan និងតំបន់ឧស្ម័ន South Pars គឺជាផ្នែកមួយនៃតំបន់ឧស្ម័នធម្មជាតិធំជាងគេរបស់ពិភពលោកដែលចែកចាយដោយអ៊ីរ៉ង់ និងកាតានៅឈូងសមុទ្រ។
តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ដោយសារតែមានការបើកដៃពីបងធំអាមេរិកទើបអ៊ីស្រាអែលហ៊ានបើកការវាយប្រហារដ៏ធំបែបនេះ ជាហេតុធ្វើឲ្យអ៊ីរ៉ង់ទ្រាំមិនបាន ក៏បាញ់កាំជ្រួចសងសឹកទៅលើសម្ព័ន្ធមិត្ត លោក ត្រាំ វិញតែម្ដង៕




