កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៣០នាទី កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស SCAM ONLINE មួយកន្លែង ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧ នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៦នាក់ និងជនជាតិខ្មែរ ១នាក់ ដែលមានតួនាទីជាអ្នកបើកបររថយន្ត និងយាមការពារទីតាំង។
វត្ថុតាងដកហូតរួមមាន៖ ទូរសព្ទដៃ ៥៩គ្រឿង, ឧបករណ៍ថតសម្លេង ០៨ គ្រឿង, កុំព្យូទ័រឡេបថប ០៧ គ្រឿង, ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី (អាវ ៤ និងសម្ភារៈពាក់ព័ន្ធ), សារធាតុសង្ស័យជាគ្រឿងញៀន ចំនួន ៥៩ កញ្ចប់តូច និង ០១កញ្ចប់ធំ។
តាមការសារភាពរបស់ជនសង្ស័យ ពួកគេបានបើកដំណើរការទីតាំងនេះ ដើម្បីប្រព្រឹត្តបទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Online Scam) ពិតប្រាកដ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




