ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមនុស្ស ចំនួន ០៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទចោទ រំលោភអំណាច កាន់កាប់ទ្រព្យសម្បត្តិដោយខុសច្បាប់ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានប្រាប់កាសែតក្នុងស្រុកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងដែលពាក់ព័ន្ធជនសង្ស័យ ចំនួន ០៣ រូប រួមមាន៖ ទី១៖ ឈ្មោះ ជឹម អូន អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃ ACU, សង្ស័យពីបទ «រំលោភអំណាច និងកាន់កាប់ទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល»។ ទី២៖ ឈ្មោះ ជឹម សុខជឿន, អាយុ ៣២ឆ្នាំ, ជាជំនួយការ, សង្ស័យពីបទ «សមគំនិតក្នុងអំពើរំលោភអំណាច» និងទី៣៖ ឈ្មោះ ភេន រចនា, អាយុ ៣៦ឆ្នាំ, អតីតមន្រ្តីជាប់កិច្ចសន្យានៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។
ACU បានបញ្ជាក់ថា ការចាត់វិធានការនេះអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីពង្រឹងភាពត្រឹមត្រូវ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់មន្រ្តីសាធារណៈ និងបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាពខ្ពស់៕




