យន្តហោះចម្បាំងអេឡិចត្រូនិច Kawasaki EC-2 បានព្រលែងខ្លួនហោះអណ្ដែតលើអាកាសយ៉ាងសង្ហា នៅមូលដ្ឋានទ័ពអាកាស Gifu ក្នុងខេត្ត Gifu ប្រទេសជប៉ុន។ នេះជាការហោះហើរសាកល្បងលើកដំបូងរបស់វា ចាប់តាំងពីការអភិវឌ្ឍន៍បានផ្តើមឡើងនៅឆ្នាំ 2021។
Kawasaki EC-2 ត្រូវបានរចនាឡើងដោយផ្អែកលើយន្តហោះដឹកជញ្ជូន C-2 ដែលផលិតក្នុងស្រុករបស់ប្រទេសជប៉ុន។ យន្តហោះចម្បាំងអេឡិចត្រូនិចរយៈចម្ងាយឆ្ងាយ EC-2 គឺជាអ្នកស្នងតំណែងរបស់ Kawasaki EC-1 ដែលមិនត្រូវបានគេអើពើពីវាទៀតឡើយ។
ជប៉ុនជ្រើសយកយន្តហោះ C-2 មកធ្វើជាមូលដ្ឋាន ដើម្បីបង្កើតយន្តហោះចម្បាំង EC-2 ព្រោះវាមានទំហំធំ និងអាចដឹកឧបករណ៍អេឡិចត្រូនិកបានយ៉ាងច្រើន។ មានន័យថា EC-2 ដ៏កំណាចអាចផ្ទុកដូចជា ឧបករណ៍ចាប់សញ្ញារបស់សត្រូវ និងឧបករណ៍រំខានសញ្ញាផ្សេងៗ ដែលឧបករណ៍ទាំងនេះ វាមានតួនាទីបញ្ចេញសញ្ញាដើម្បីរំខានឬបំភាន់ប្រព័ន្ធសត្រូវដូចជា៖ ធ្វើឲ្យ radar សត្រូវមើលមិនឃើញយន្តហោះ និងធ្វើឲ្យការទំនាក់ទំនងរបស់សត្រូវបានខូចយ៉ាងមានប្រសិទ្ធភាព។
សមត្ថភាពខ្លាំងលើសនេះ Kawasaki EC-2 អាចធ្វើការវាយលុកសត្រូវពីចម្ងាយដែលស្ថិតក្រៅតំបន់គ្រោះថ្នាក់បាន។ នេះមានន័យថា យន្តហោះចម្បាំងមួយនេះ មិនចាំបាច់ហោះចូលទៅជិតសត្រូវផ្ទាល់ទេ ពោលវាអាចហោះក្នុងរយៈចម្ងាយឆ្ងាយ ហើយបញ្ជូនសញ្ញារំខានទៅកាន់សត្រូវបានយ៉ាងងាយស្រួល។
អត្ថប្រយោជន៍របស់ EC-2 ជួយកាត់បន្ថយហានិភ័យដែលនឹងត្រូវបាញ់ធ្លាក់, ការពារសុវត្ថិភាពអ្នកបើកបរ ហើយវានៅតែអាចវាយប្រហារផ្នែកពិសេសជាច្រើនរបស់យន្តហោះចម្បាំងផ្សេងទៀតយ៉ាងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។
ដូចជំនាន់មុនរបស់វាដែរ EC-2 មានច្រមុះប៉ោង ដែលរចនាឡើងដើម្បីដាក់ឧបករណ៍អេឡិចត្រូនិកខាងក្នុង (ដូចជា radar និងប្រព័ន្ធចាប់សញ្ញា)។
លើសពីនេះ យន្តហោះនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារធំៗនៅផ្នែកខាងលើ និងផ្នែកខាងក្រោយរបស់វា។ រីឯអង់តែនរបស់ EC-2 វិញ វាមានសមត្ថភាពចាប់សញ្ញារ៉ាដារបស់សត្រូវ, តាមដានសញ្ញាវិទ្យុ (communication) និងបង្កការរំខាន (jamming) ឲ្យសត្រូវប្រើឧបករណ៍របស់ពួកគេវាយប្រហារមិនបាន។
និយាយឲ្យខ្លីទៅ EC-2 គឺដូចជា យន្តហោះស្តាប់ និងរំខានសញ្ញារបស់សត្រូវ មិនឲ្យបើកការវាយប្រហារបកមកលើខ្លួនវិញបាន។
EC-2 មានប្រវែង 43.9 ម៉ែត្រ ស្លាបវាមានប្រវែង 44.4 ម៉ែត្រ និងកំពស់ 14 ម៉ែត្រ។ យន្តហោះនេះត្រូវបានបំពាក់ដោយម៉ាស៊ីន CF6-80C2 turbofan ចំនួនពីរដែលអាចធ្វើដំណើរក្នុងល្បឿនប្រហែល 900 គីឡូម៉ែត្រក្នុងមួយម៉ោង។
បន្ទុកអតិបរមារបស់ C-2 គឺមានទម្ងន់36តោន ដែលអនុញ្ញាតឱ្យវាដឹកជញ្ជូនឧបករណ៍ធុនធ្ងន់ដូចជា ប្រព័ន្ធការពារដែនអាកាស Patriot ឬឧទ្ធម្ភាគចក្រ H-60 ជាដើម។
ការរចនាតែមួយគត់របស់ EC-2 បានធ្វើឲ្យ លោក Thomas Newdick អ្នកនិពន្ធគេហទំព័រ War Zone របស់យោធាអាមេរិក លាន់មាត់ថាវាជា "យន្តហោះយោធាដ៏អាក្រក់បំផុតនៅក្នុងពិភពលោក"។ យ៉ាងណា យោងតាមថវិកាដែលបានស្នើឡើងរបស់ក្រសួងការពារជាតិជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ 2025 ថវិការប្រមាណ 260លានដុល្លារត្រូវបានបម្រុងទុកសម្រាប់គម្រោងអភិវឌ្ឍន៍ EC-2 ៕





