ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួលជំនួបសម្តែងការគួរសមពី លោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា និងប្រេស៊ីល ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនង កម្ពុជា-ប្រេស៊ីល ហើយបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសំខាន់ៗដែលផ្តល់ផលប្រយោជន៍រួម ដល់ប្រទេសទាំងពីរ។ វិស័យអាទិភាពដែលត្រូវបានលើកឡើងរួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ ដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរ។
ជំនួបនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងការទូត និងការសហការអន្តរជាតិរវាងកម្ពុជា និងប្រេស៊ីល ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត៕




