2026-03-19 12:13
24

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីរដ្ឋបាលស្រុកកងមាស ខេត្តកំពង់ចាម និងមានឈ្មោះ សាមីន វុត្ថារិទ្ធ  ជាកូនអភិបាលស្រុកមួយមួយរូប នៃខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានបើករថយន្តក្នុងស្ថានភាពស្រវឹង បុកក្មេងប្រុសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយថែមទាំងបញ្ចេញពាក្យសម្ដីមិនសមរម្យ បង្កការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨និង៥០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងលេខ ១៧១១ មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានចេញពីកន្លែងផឹកស៊ី ដោយបើកបររថយន្តម៉ាក FORTING ពាក់ស្លាកលេខ កម្ពុជា P.YEAN.7 ក្នុងស្ថានភាពស្រវឹង ហើយបានបុកម៉ូតូម៉ាកធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងអូសម៉ូតូប្រហែល ២០ម៉ែត្រ មុនពេលរថយន្តឈប់។

ក្រោយពេលកើតហេតុ ជនបង្កបានបញ្ចេញពាក្យសម្ដីយ៉ាងមិនសមរម្យថា៖ «បើស្លាប់ សងតែ ២ម៉ឺនដុល្លារ បញ្ចប់រឿង» ដែលបានបង្កឲ្យប្រជាពលរដ្ឋនៅទីនោះខឹងសម្បារយ៉ាងខ្លាំង ព្រោះបានមើលងាយតម្លៃជីវិតមនុស្ស។

ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ខណៈកម្លាំងនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ ទប់ស្កាត់ស្ថានការណ៍ និងនាំខ្លួនជនបង្កទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់វិធានការតាមច្បាប់។

បច្ចុប្បន្ន ជនបង្កត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់តាមផ្លូវច្បាប់៕