2026-03-19 13:32
18

បាងកក៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ សភាប្រទេសថៃ នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ខណៈដែលលោក អនុធីន ឆានវីរៈគុន មេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។

អ្នកវិភាគនយោបាយជាច្រើន រំពឹងថា អាណត្តិថ្មីរបស់លោក អនុធីន អាចនឹងនាំមកនូវស្ថិរភាពជូនឆាកនយោបាយថៃ ដែលបានជួបប្រទះភាពវឹកវរ និងស្មុគស្មាញជាយូរមកហើយ។

គួររំឭកថា ក្នុងការបោះឆ្នោតកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ គណបក្សភូមិចៃថៃ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឈ្នះជ័យជម្នះលើសការរំពឹងទុក បន្ទាប់ពីទាញយកការគាំទ្រពីជំនោរជាតិនិយម ដែលកើតឡើងក្រោយជម្លោះព្រំដែនជាមួយកម្ពុជា កាលពីឆ្នាំមុន។

ជោគជ័យនេះ ក៏បណ្តាលមកពីការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់គណបក្សភឿថៃ ដែលធ្លាប់មានឥទ្ធិពលខ្លាំង។ លោក អនុធីន បានសម្រេចចិត្តចាកចេញពីសម្ព័ន្ធភាពចម្រុះជាមួយគណបក្សនេះ ហើយបន្តស្វែងរកការគាំទ្រពីគណបក្សផ្សេងៗ ដើម្បីបង្កើតរដ្ឋាភិបាលផ្ទាល់ខ្លួន។

បន្ទាប់ពីការបោះឆ្នោត គណបក្សភូមិចៃថៃ បានចុះកិច្ចព្រមព្រៀងជាមួយគណបក្សភឿថៃ និងបង្កើតសម្ព័ន្ធភាពជាមួយគណបក្សតូចៗជាច្រើនទៀត ដែលធ្វើឲ្យសម្ព័ន្ធភាពនេះ អាចគ្រប់គ្រងអាសនៈ ចំនួន ២៩០ ក្នុងចំណោមអាសនៈសរុប ៤៩៩ នៅក្នុងសភា។

ដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោក អនុធីន ដែលមានវ័យ ៥៩ឆ្នាំ ត្រូវការការគាំទ្រយ៉ាងតិច ២៥១ សំឡេង ពីសមាជិកសភា។

ទោះជាយ៉ាងណា ការបោះឆ្នោតនេះ អាចនឹងមានការប្រកួតប្រជែង ខណៈដែលគណបក្សប្រជាជន ដែលបានចំណាត់ថ្នាក់លេខ២ ក្នុងការបោះឆ្នោត បានបង្ហាញថា នឹងតែងតាំងមេដឹកនាំវ័យ ៣៨ឆ្នាំ លោក Natthaphong Ruengpanyawut ជាបេក្ខជនប្រជែងជាមួយលោក អនុធីនផងដែរ។

ការបោះឆ្នោតនាយករដ្ឋមន្ត្រីលើកនេះ ត្រូវបានគេមើលថា ជាចំណុចសំខាន់មួយ សម្រាប់កំណត់ទិសដៅនយោបាយរបស់ប្រទេសថៃនៅអនាគត៕