2026-03-19 15:06
23

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សមាគមអតីតនិស្សិត Chevening (British Chevening Alumni Association of Cambodia)។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក លីដេត ពិដោរ ប្រធានសមាគម Chevening កម្ពុជា អតីតប្រធានសមាគម និងសមាជិកជាច្រើនទៀត រួមបញ្ចូលមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន ជាសរុបប្រមាណជាង ១០០ នាក់ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh។

ក្នុងឱកាសនេះ លោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សិក្ខាកាម Chevening ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈចំណេះដឹងពីប្រទេសអង់គ្លេស និងការធ្វើដំណើរជាស្ពានភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។ 

ឯកអគ្គរាជទូតក៏បានស្នើឱ្យសមាគមបន្តបង្កើនសកម្មភាព និងពង្រីកទំនាក់ទំនងជាមួយអតីតនិស្សិតដទៃទៀត។

លោក ហួត ហាក់ បានលើកអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលចក្រភពអង់គ្លេស និងស្ថានទូតប្រចាំកម្ពុជា សម្រាប់ការផ្តល់អាហារូបករណ៍ Chevening និងការសហប្រតិបត្តិការដ៏ល្អ ដល់សិស្សនិស្សិតកម្ពុជាដែលត្រឡប់មកប្រកបដោយគុណភាព និងសមត្ថភាព។ 

ក៏ដូចជាស្នើឱ្យសមាគមបន្តពង្រីកសមាជិកភាព និងសកម្មភាពសង្គម ដើម្បីបង្កើនភាពធន់ និងបម្លែងបញ្ហាជាឱកាសក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។

ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏បានរាយការណ៍ថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦ កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជិត ៧០០.០០០ នាក់ រួមមានភ្ញៀវទេសចរអង់គ្លេស ប្រមាណ ៣០.០០០ នាក់ បង្ហាញពីនិន្នាការកើនឡើងនៃវិស័យទេសចរណ៍ កម្ពុជា-ចក្រភពអង់គ្លេស៕