2026-03-21 11:00
21

ភ្នំពេញ៖ នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារបញ្ជាក់ពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងស្ថានភាពកើនឡើងនៃតម្លៃប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ដែលកំពុងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្នុងដំណាក់កាលដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការសេដ្ឋកិច្ចតាមរយៈក្រសួងជំនាញពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ដោយផ្អែកលើសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦»។

យោងតាមវិធានការដែលបានដាក់ចេញ រដ្ឋាភិបាលបានសម្រេច៖
១- បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត មកស្មើ ០ (សូន្យ) ដុល្លារ
២- បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០%
៣- បញ្ចុះអាករលើតម្លៃបន្ថែម (VAT) លើប្រេងសាំង និងប្រេងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «វិធានការទាំងនេះមានគោលបំណងសំខាន់ ដើម្បីបន្ធូរបន្ទុកចំណាយលើប្រេងឥន្ទនៈសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ក្នុងបរិបទតម្លៃប្រេងសកលមានការកើនឡើងខ្ពស់ និងបន្តមានភាពមិនប្រាកដប្រជា»។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្តសហការអនុវត្តវិធានការដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕