អាមេរិកហាក់កំពុងដាក់ពង្រាយនាវាវាយលុក USS Boxer ទៅកាន់មជ្ឈិមបូព៌ាបន្ថែមទៀត ខណៈប្រទេសមហាអំណាចមួយនេះ ក៏កំពុងស្ថិតក្នុងការពិចារណាពីលទ្ធភាពនៃការដណ្តើមយកកោះ Kharg របស់អ៊ីរ៉ង់ដូចគ្នា។
តាមមន្ត្រីអាមេរិកបីរូបបានប្រាប់សារព័ត៌មាន Reuters ថា ទាហានម៉ារីនចំនួន 2,500 នាក់ រួមជាមួយនឹងនាវាវាយលុក USS Boxer និងនាវាចម្បាំងអមដំណើរ នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែអាមេរិកនៅមិនទាន់សម្រេចថា តើត្រូវដាក់ពង្រាយទាហាននៅក្នុងទឹកដីអ៊ីរ៉ង់ឬយ៉ាងណានោះទេ។
ជុំវិញព័ត៌មាននេះ មន្ទីរបញ្ចកោណអាមេរិកបានធ្វើការបដិសេធ និងមិនផ្ដល់ការបកស្រាយអ្វីទាំងអស់ដោយគ្រាន់តែបញ្ជាក់ថា ខ្លួនមិនមានអ្វីត្រូវប្រកាសទាក់ទងនឹងការដាក់ពង្រាយនាវា ឬទាហាននាពេលខាងមុខនោះទេ។
តាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ការងាររបស់មន្ទីរបញ្ចកោណគឺផ្តល់ការគាំទ្រជាអតិបរមាដល់ប្រធានាធិបតី។ លោកស្រីបន្តថា ប្រធានាធិបតីអាមេរិក មិនមានផែនការដាក់ពង្រាយកងកម្លាំងជើងគោកគ្រប់ទីកន្លែងនៅអ៊ីរ៉ង់ក្នុងពេលនេះទេ។
យ៉ាងណាវិញ ប្រសិនបើការដាក់ពង្រាយនាវាខាងលើត្រូវបានបញ្ជាក់លម្អិត នោះមានន័យថាវានឹងក្លាយជាក្រុមវាយប្រហារលើទឹកទីពីរ (ARG) ដែលអាមេរិកដាក់ពង្រាយនៅមជ្ឈិមបូព៌ា។ ព្រោះយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីសប្តាហ៍មុនថា នាវាចម្បាំង ARG Tripoli រួមជាមួយនឹង MEU 31 បានចាប់ផ្តើមផ្លាស់ប្តូរពីប៉ាស៊ីហ្វិកទៅកាន់ឈូងសមុទ្រ ដែលរំពឹងថានឹងចូលរួមក្នុងប្រតិបត្តិការដែលផ្តោតលើប្រទេសអ៊ីរ៉ង់តែមួយគត់។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាមេរិក Axios រដ្ឋបាល Trump អាចនឹងមានទំនោរទៅរកការបិទកោះ Kharg ដែលជា "ខ្សែជីវិតប្រេង" របស់អ៊ីរ៉ង់។ គោលដៅចម្បងក្នុងការបិទនេះ គឺដើម្បីបង្កើនសម្ពាធលើទីក្រុង Tehran និងបង្ខំឱ្យប្រទេសនេះបើកច្រកសមុទ្រ Hormuz ឡើងវិញ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





