2026-03-21 14:20
19

ប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញការភ្ញាក់ផ្អើលខ្លាំង ខណៈដែលមិនឃើញសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអូស្ត្រាលី ជួយបញ្ជូននាវាចម្បាំងទៅចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ។

កាលពីថ្ងៃទី20 ខែមីនា នៅទីក្រុងវ៉ាស៊ីនតោន អំឡុងពេលអ្នកយកព័ត៌មាន Sky News Australia សួរពីអារម្មណ៍របស់ប្រធានាធិបតីអាមេរិក ចំពោះអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ដែលបដិសេធមិនជួយបញ្ជូននាវាចម្បាំងទៅបើកច្រកសមុទ្រ Hormuz លោក ត្រាំ ឆ្លើយទាំងមិនស្ទាក់ស្ទើរថា "ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់”។ 

ហាក់បង្ហាញការអន់ចិត្ត នៅពេលអ្នកយកព័ត៌មានបន្តសួរ លោក ត្រាំ ថាតើអូស្ត្រាលីបានឆ្លើយតបយ៉ាងណាចំពោះសំណើបញ្ជូនកងកម្លាំងទៅកាន់ Hormuz ប្រធានាធិបតីអាមេរិកបានបដិសេធភ្លាមៗដោយមិនឆ្លើយតបអ្វីទាំងអស់។ 

ក្នុងសប្តាហ៍នេះ គេសង្កេតឃើញថា លោក ដូណាល់ ត្រាំ បានធ្វើការរិះគន់ខ្លាំងៗទៅអង្គការណាតូ និងសម្ព័ន្ធមិត្តមិនមែនណាតូជាច្រើនទៀត ចំពោះការមិនបញ្ជូននាវាចម្បាំងទៅកាន់ឈូងសមុទ្រ ដើម្បីគាំទ្រការប្រយុទ្ធជាមួយអ៊ីរ៉ង់។ 

លោក Trump បានចំអកឲ្យប្រទេសទាំងនោះចំៗថា "សម្ព័ន្ធមិត្តរបស់ណាតូភាគច្រើនបានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ពួកគេមិនចង់ចូលរួមក្នុងយុទ្ធនាការរបស់យើងប្រឆាំងនឹងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាទេ" ។ 

លោកបន្តថា អាមេរិកលែងត្រូវការប្រទេសទាំងនេះទៀតហើយ មិនថាការគាំទ្រពីណាតូ ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង នោះទេ។ 

កាលពីថ្ងៃទី20 ខែមីនា កន្លងទៅដដែល លោក Trump ធ្លាប់បានបន្តបង្ហោះសារដៀលសមាជិកណាតូច្បាស់ៗថា ពួកគេជា "មនុស្សកំសាក" ជាពិសេសចំពោះការមិនចង់រួមចំណែកក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញនេះតែម្ដង។ 

លោក ត្រាំ អះអាងថា ការពិតការបើកច្រកសមុទ្រឡើងវិញ គឺជាបេសកកម្មយោធាដ៏សាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកបែរជាគ្មានឆន្ទៈចូលរួម បើទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងក៏ដោយ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា